ព័ត៌មាន
ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន «ស្លាបសន្តិភាព» បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក និងជោគជ័យនៅរាជធានីភ្នំពេញ
នារាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី«ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងឱឡារិកនៅរាជធានីភ្នំពេញ។

កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ,ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងមន្ត្រីរាជការ អ្នក តំណាងប្រព័ន្ធផ្សព្វផ្សាយ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មកពីសាលាចិនវិទ្យាស្ថានខុងជឺ និងសមាជិកសភាពាណិជ្ជកម្មចិន រួមទាំង ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិន សរុបជាង ២០០នាក់។
ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាមប្រឆាំងហ្វាស៊ីសនិយម ពិភពលោក ក៏ដូចជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ ។ ភាគីទាំងពីរបានប្រើប្រាស់ទម្រង់ នៃការសម្តែងសិល្បៈ និងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាព ពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះ នៃសាធារណៈមតិ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។
កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា«អ្នកនាំសារសន្តិភាព» ដែលសម្តែងដោយសិស្ស សាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាតបានបង្ហាញពីតម្លៃដ៏វិសេសវិសាល និង ក្តីប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មកមានការសម្តែងសិល្បៈគុនកុងហ្វូចិន និង ក្បាច់គុនល្បុក្កតោខ្មែរដើម្បីបង្ហាញពីទំនាក់ទំនងដ៏អស្ចារ្យ នៃសិល្បៈក្បាច់គុន។ កម្មវិធីជាបន្តបន្ទាប់រួមមាន បទចម្រៀង “មនោសញ្ចេតនាកម្ពុជា-ចិន” ការប្រគំពិណបុរាណចិន បទ “សំណើច សមុទ្រឆាង” និងការសូត្រកំណាព្យបទ “សង្គ្រាមនិងសន្តិភាព” ដែលទាំងអស់នេះបានបង្ហាញពីភាពស្រស់ស្អាត នៃវប្បធម៌ប្រពៃណី និងការបង្ហាញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព ។ របាំ “ព្រាបសន្តិភាព” របស់ ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញ ពីអនាគតដ៏ស្រស់បំព្រង ហើយចម្រៀង បទ“សូមឱ្យពិភពលោក ពោរពេញដោយក្តីស្រឡាញ់” ដែល ច្រៀងដោយ សភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺ ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជនកម្ពុជាស្រឡាញ់ និងការពារសន្តិភាព និងឱ្យតម្លៃ កាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាពមេត្រីភាព និងមានភាពទាក់ទាញ។ រយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣លាន ៧សែន ១ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៦៩ម៉ឺននាក់ កើនឡើង ៤៨.២ភាគរយ ។ ប្រទេសកម្ពុជាត្រដាង “ស្លាបសន្តិភាព ” អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេស កម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។

ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បាន ថ្លែងសុន្ទរកថា ក្នុង កម្មវិធីថាឆ្នាំនេះជាខួបលើកទី ៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយ ទំនាក់ទំនងរវាង ប្រទេសទាំងពីរ មានភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែងហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌ និងសិល្បៈ គឺជាស្ពាន មួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែល នេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជនប្រទេសទាំងពីររួមគ្នាការពារផងដែរ។ “សន្តិភាព គឺជាបំណងប្រាថ្នាដ៏យូរអង្វែងបំផុតរបស់មនុស្សជាតិ”។ ភ្ញៀវកិត្តិយសជាង ២០០នាក់ដែលបានចូលរួមក្នុងកម្មវិធី បានធ្វើកាយវិការដៃ “ស្លាបសន្តិភាព” នេះរួមគ្នា ដើម្បីបង្ហាញនូវ “ការរលាស់ស្លាប” ដែលជានិមិត្តរូបនៃសន្តិភាព ហើយក៏បានបម្លែងខ្លឹមសារសំខាន់នៃ “ការអំពាវនាវរកសន្តិភាព និងការបួងសួងសុំសន្តិភាព” ទៅជាសេចក្តីប្រកាសដែលមើលឃើញឆ្លងផុតរបាំងភាសា។

ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹងចំពោះអនាគតដ៏ស្រស់បំព្រងតាមរយៈតន្ត្រី និងរបាំ។ ភ្ញៀវកិត្តិយស និងទស្សនិកជនបានលើកឡើងថាកម្មវិធីសម្ដែងសិល្បៈ “ស្លាបសន្តិភាព” មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និងរៀនសូត្រវប្បធម៌ទៅវិញទៅមក នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នា កសាងសន្តិភាព និងមិត្តភាពផងដែរ៕






-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»
-
ព័ត៌មាន6 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង