ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៩ ខែសីហានេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកបញ្ជាក់ជាថ្មីថា «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»។

ឯកឧត្តម បានលើកឡើងថា ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្តើមតាំងពីព្រឹត្តិការណ៍កងទ័ពថៃវាយប្រហារមកលើកម្ពុជាដែលបណ្តាលឱ្យបាត់បង់ជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា, ការបិទច្រកព្រំដែនជាឯកតោភាគី (ថ្ងៃទី៧ខែមិថុនា) និងឈានដល់ការផ្ទុះអាវុធ (នាថ្ងៃទី២៤ ខែកក្កដា) យើងទាំងអស់គ្នាពិតជាបានកត់សម្គាល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការដ្ឋានស្នូលសំខាន់ៗ ក្នុងនោះក៏មានការអនុវត្តជាយុទ្ធសាស្ត្រនូវនយោបាយការទូត ដោយប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី, ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ (ការស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ) និងយន្តការចរចាតាមផ្លូវការទូត។
ឯកឧត្តមបានបន្តថា ជាក់ស្តែង កិច្ចប្រជុំពិសេសរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន រួមជាមួយតំណាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាសាក្សី នាថ្ងៃទី២៨ ខែកក្កដា បានសម្រេចបានការនូវបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាននៅយប់ម៉ោង០០:០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំបានបើកច្រកបន្តដល់ការរៀបចំឱ្យមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការអនុវត្ត (ថ្ងៃទី០៧ ខែសីហា) ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងគោលដៅរក្សាឱ្យបាននូវភាពស្ងប់ស្ងាត់ និងអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្ពុជា បើកចំហច្រកការទូតគ្រប់កម្រិត ប្រកបដោយដោយភាពបុរេសកម្មក្នុងនោះរួមមាន ការសម្របសម្រួលផ្តល់ព័ត៌មានអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ តាមរយៈការធ្វើបទបង្ហាញដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអន្តរជាតិជាប្រចាំ និងការដឹកនាំគណៈប្រតិភូ អង្គទូត និងអនុព័ន្ធយោធាទៅពិនិត្យ សង្កេតការណ៍ ដោយផ្ទាល់នៅទីតាំងរងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធ និងស្ថានភាពជនភៀសសឹក។ ថ្មីៗនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក៏បានជួបប្រជុំក្រៅផ្លូវការជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ កាលពីថ្ងៃទី១៤ ខែសីហា នេះផង ដែលបានបង្ហាញនូវសុឆន្ទៈរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព នៃតំបន់ព្រំដែនត្រលប់មកវិញ តាមគ្រប់មធ្យោបាយ។
ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពខាងលើនេះ បានសរបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសមរភូមិការទូតយ៉ាងណែន ដើម្បីការពារផលប្រយោជន៍ជាតិ និងបង្ហាញនូវភាពត្រឹមត្រូវរបស់កម្ពុជាលើឆាកអន្តរជាតិ។ អ្វីៗដែលរាជរដ្ឋាភិបាលកំពុងធ្វើ បានបង្ហាញភាពខ្លាំងរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរួបរួមគ្នាជាធ្លុងមួយរបស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរបន្តជឿជាក់ និងគាំទ្រចំណាត់ការដ៏ម៉ឹងម៉ាត់ ប្រាកដនិយម និងច្បាស់លាស់ប្រកបដោយការគិតគូរល្អិតល្អន់ឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលដើម្បីនាំមកនូវស្ថានភាព ប្រក្រតីភាព និងសុខសន្តិភាពពេញលេញឡើងវិញឱ្យបានឆាប់រហ័ស៕






-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន7 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន7 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន7 days agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ