ព័ត៌មាន
សភាកម្ពុជារៀបចំកិច្ចសន្ទនាសភា៖ ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា
ភ្នំពេញ ៖ សភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ បានរៀបចំកិច្ចសន្ទនាសភា៖ ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា នៅវិមានរដ្ឋសភា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអន្តរសភា EU កម្ពុជា ( IPM ) លើកទី៥នៅឆ្នាំ២០២៦ខាងមុខ។
កិច្ចសន្ទនានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។
វាគ្មិនដែលបានអញ្ជើញចូលរួម រួមមាន លោក Antoine Ripoll រដ្ឋមន្ត្រីទីប្រឹក្សានៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអាស៊ាន និងលោក Bryan Fonari ប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំរាជធានីភ្នំពេញ រួមជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភាមួយចំនួនទៀត។
នៅក្នុងសុន្ទរកថាបើករបស់ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជាក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ ឯកឧត្ដមបានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង២៣ភាគរយនៅដើមឆ្នាំ២០២៥ ដោយឯកឧត្ដមក៏បានសង្កត់ធ្ងន់លើគោលដៅរបស់កម្ពុជា ដើម្បីបញ្ចប់ពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។
ឯកឧត្ដមបានបញ្ជាក់ថា កម្ពុជាតែងតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ និងគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងកិច្ចសន្ទនានេះ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្តិភាព។
កម្ពុជាឱ្យតម្លៃសន្តិភាព សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងសិទ្ធិមនុស្ស។ យើងសូមអំពាវនាវឱ្យប្រទេសថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅប្រទេសម៉ាឡេស៊ី ហើយយើងសូមជំរុញឱ្យសភាអឺរ៉ុប និងសហគមន៍អឺរ៉ុបគាំទ្រដល់ការស្វែងរកយុត្តិធម៌ និងសន្តិភាពយូរអង្វែងរបស់កម្ពុជា។
នៅក្នុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីថា ភាពជាដៃគូ EU Cambodia ត្រូវបានចាក់ឫសនៅក្នុងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការទូតសភា ក្នុងការកសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ។
ឯកឧត្ដម បានប្រកាសថា កិច្ចសន្ទនា នាពេលនេះ ជាការបន្តនៃមិត្តភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា៕








-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ