ព័ត៌មាន
ដំរីញីឈ្មោះ «ឡាក់គី» នៅភ្នំតាម៉ៅ បានស្លាប់នៅព្រឹកថ្ងៃអាទិត្យនេះបន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីក្រៀមក្រំ និងសូមជម្រាបជូនដំណឹងដល់សាធារណជន អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្ដីប្រកាសបានឱ្យដឹងថា ក្រុមពេទ្យសត្វរបស់យើងបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ «ឡាក់គី» បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។
ក្នុងឱកាសនេះ រដ្ឋបាលព្រៃឈើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។ យើងខ្ញុំទាំងអស់គ្នាក៏សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ដំរី«ឡាក់គី» ទាំងអស់ ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
សូមបញ្ជាក់ថា សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។
រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃរបស់យើង ឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក៕




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព