ព័ត៌មាន
ជំរឿនសត្វក្រៀលឆ្នាំ២០២៥នេះ ក្រុមការងារកត់ត្រាបានចំនួន ២១៤ ក្បាលកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤
ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបា នបង្ហាញអំពីលទ្ធផលវិជ្ជមានក្នុងឆ្នាំ២០២៥ នៃការធ្វើជំរឿនសត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងគ្រោះ ឈានទៅជិតផុតពូជនៅក្នុងពិភពលោក(Grus antigone sharpii)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៥។
ការធ្វើជំរឿនសត្វក្រៀល បានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក ដែលការធ្វើជំរឿននេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រនៃប្រភេទសត្វដ៏កម្រនេះ និងកត្តាគំរាមកំហែងរបស់ពួកវា នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ការធ្វើជំរឿនសត្វក្រៀល នៅឆ្នាំ២០២៥នេះ ក្រុមការងារបានកត់ត្រាចំនួនសត្វក្រៀលសរុប២១៤ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត បើគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងកើនដល់៣៧% បើធៀបនឹងលទ្ធផលឆ្នាំ២០២២។
ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភ ក្នុងអំឡុងទសវត្សចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី៨៦៩ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម១៥៦ក្បាល ក្នុងឆ្នាំ២០២២។ ដោយឡែកចាប់តាំងពីឆ្នាំ២០២២ សត្វក្រៀលបានចាប់ផ្តើមកើនឡើងវិញ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា «លទ្ធផលជំរឿននេះនាំមកនូវសុទិដ្ឋិនិយម ចំពោះការគ្រប់គ្រងនិងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា»។ ឯកឧត្តមបានបន្ថែមថា «ការកើនឡើងចំនួនសត្វក្រៀល ក្នុងពេលធ្វើជំរឿនឆ្នាំ២០២៥ បានបង្ហាញអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្ត ធានាឱ្យបាននូវគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅ ប្រកបដោយភាពសុខដុមរមនា។ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២គឺ «ភាពបៃតង» ដែលគាំទ្រដល់ការចូលរួមពី អាជ្ញាធរគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ក្នុងការកិច្ចខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាពនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការបណ្តុះ ដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃតង និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលធ្វើឱ្យចំនួនសត្វព្រៃ ជាពិសេសប្រភេទសត្វក្រៀល មានការកើនឡើង»។
សូមបញ្ជាក់ថា ការរាប់ចំនួនសត្វក្រៀលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅក្នុង ទីតាំងសំខាន់ៗចំនួន១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា(CSCWG)។ ការធ្វើជំរឿននេះអាចប្រព្រឹត្តទៅបាន តាមរយៈកិច្ចសហការរវាងស្ថាប័ន និងអង្គការមួយចំនួនរួមមាន៖ ក្រសួងបរិស្ថាន(MoE) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) អង្គការសមាគម អភិរក្សសត្វព្រៃ(WCS) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) មូលនិធិសត្វក្រៀលអន្តរជាតិ(ICF) អង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ (WWT) និងអ្នកពាក់ព័ន្ធផ្សេងទៀត។
លោក Alistair Mould នាយកប្រចាំប្រទេសកម្ពុជានៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានមានប្រសាសន៍ថា «លទ្ធផលជំរឿនសត្វក្រៀលដ៏ជោគជ័យទាំងនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង មិនចេះនឿយហត់ របស់សមាជិកក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកអភិរក្សផ្សេងទៀត ដែលបាននិងកំពុងធ្វើការនៅទីវាល»។
កញ្ញា Christel Griffioen នាយកប្រចាំប្រទេសរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលើកឡើងថា «តំបន់ដីសើម និងព្រៃរបោះរបស់ប្រទេសកម្ពុជា គឺជាបន្ទាយដ៏រឹងមាំ សម្រាប់គាំទ្រដល់សត្វក្រៀល ដែលជាប្រភេទសត្វមានសក្តានុពលធម្មជាតិ និងវប្បធម៌ដ៏ជ្រៀលជ្រៅ។ លទ្ធផលជំរឿនដ៏គាប់ប្រសើរក្នុងឆ្នាំ២០២៥នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អង្គការដៃគូអភិរក្ស និងសហគមន៍មូលដ្ឋាន។ ការធានាបាននូវនិរន្តភាពនៃកិច្ចសហការគឺមានសារៈសំខាន់ណាស់ដើម្បីធានាអនាគតយូរអង្វែងសម្រាប់សត្វដ៏ស្រស់ស្អាត និងអស្ចារ្យនេះ»។
លោក ប៊ូ វរសក្ស អនុប្រធានក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា និងជានាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា «ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចការពារសត្វក្រៀល និងទីជម្រករបស់វា។ តាមរយៈការអង្កេតតាមដានរួមគ្នា ការធ្វើផែនការយុទ្ធសាស្រ្ត ការអភិរក្សរួមគ្នា និងការផ្តួចផ្តើមអនុវត្តកសិកម្មមេត្រីភាពសត្វក្រៀល យើងបាននិងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាថាប្រភេទសត្វតំបន់ដីសើមដ៏កម្រ ដែលកំពុងមានវត្តមាននៅអាស៊ីអាគ្នេយ៍ មួយនេះ នឹងបន្តកើនឡើង និងរួមចំណែកជាផ្នែកមួយ នៃសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា»។








-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦