ព័ត៌មាន
 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិកនឹងពង្រឹង-ពង្រីកបន្ថែមទៀតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas។
ទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិកនាឱកាសនេះនឹងជួយជំរុញការផ្ដល់ព័ត៌មានអំពីភាពរីកចម្រើន និងសក្ដានុពលរបស់កម្ពុជា ពិសេសនឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួម។
មានប្រសាសន៍លើកឡើងក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកពី៤៩% មកនៅត្រឹម ១៩%។ អត្រាពន្ធដែលកម្ពុជាទទួលបានគឺជាអត្រាល្អមួយដែលជួយជំរុញទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិកកាន់តែល្អប្រសើរជាងមុន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានជំរុញឱ្យមានបទឈប់បាញ់បានឆាប់រហ័សក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ គោលជំហររបស់កម្ពុជាគឺមានភាពច្បាស់លាស់ក្នុងការរក្សាការពារសុខសន្តិភាពជូនប្រជាជាតិ ដែលប្រមុខថ្នាក់ដឹកនាំកម្ពុជាបានខិតខំកសាងមកដោយលំបាក។ គោលជំហរនេះក៏បានទទួលការជឿជាក់ពីឯកឧត្តមប្រធានាធិបតី Donald Trump ផងដែរ តាមរយៈសារលិខិតជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថ្លែងអំណរគុណ និងកោតសរសើរកម្ពុជាដែលគាំទ្របេក្ខភាពឯកឧត្តមសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
ក្នុងអង្គប្រជុំនេះក៏មានការគូសរំលេចជូនលោកជំទាវឱ្យបានជ្រាបអំពីសក្តានុពលវិជ្ជមាននានារបស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាពតាមរយៈរូបមន្តពិសេសគ្មានពីរ គឺ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដី លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ពិសេសក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកិច្ចការងារសម្របសម្រួល និងជំរុញកិច្ចវិនិយោគ។ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើឌីជីថលូបនីយកម្ម ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលផ្ដល់លទ្ធភាពទាំងស្រុងជូនវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងតាមដានវឌ្ឍនភាពពាក្យស្នើសុំរបស់ខ្លួនបានដោយងាយស្រួល គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ ពិសេសការអនុម័តគម្រោងវិនិយោគរបស់ថ្នាក់ដឹកនាំចំណាយពេលវេលាតិច និងអាចអនុវត្តការងារបានគ្រប់ពេលវេលា និងពីគ្រប់ទីកន្លែងផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងមានក្តីសោមនស្សរីករាយចំពោះភាពវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីរាប់ចាប់ពីវិស័យវិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងការទូត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំគណៈប្រតិភូសភាអាម៉េរិកបន្តជំរុញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុន និងធ្វើធុរកិច្ចនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្នុងឱកាសនេះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្តែងនូវភាពរីករាយដែលបានមកបំពេញទស្សនកិច្ចជាលើកទី២ នៅក្នុងប្រទេសកម្ពុជា។ ពិសេសជាងនេះ លោកជំទាវបានសម្តែងនូវការកោតសរសើរចំពោះអំពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ តាមរយៈជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូបនៅក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកជំទាវបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើការបន្តរីកលូតលាស់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។
គួរបញ្ជាក់ថា តាមរយៈជំនួបកាលពីខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងវ៉ាស៊ីនតោន រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវផ្ទាល់ ពោលគឺអំឡុងពេលចរចាលើកិច្ចព្រមព្រៀងពន្ធបដិការ លោកជំទាវក៏បានលើកឡើងអំពីគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកបន្ថែមផងដែរ។ សូមបញ្ជាក់បន្ថែមថា ទស្សនកិច្ចលើកទី១ របស់លោកជំទាវ Beth Van Duyne មកកាន់ប្រទេសកម្ពុជា គឺនៅអំឡុងខែសីហា ឆ្នាំ២០២២ កន្លងទៅ៕
















																	
																															- 
																	
										
																			ព័ត៌មាន1 week agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
 - 
																	
										
																			ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
 - 
																	
										
																			ព័ត៌មាន5 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
 - 
																	
										
																			ព័ត៌មាន3 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
 - 
																	
										
																			ព័ត៌មាន3 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
 - 
																	
										
																			ព័ត៌មាន5 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ 
 - 
																	
										
																			ព័ត៌មាន4 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
 - 
																	
										
																			ព័ត៌មាន3 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង