ព័ត៌មាន
ក្រសួងអប់រំ៖ដំណើរការប្រឡងបាក់ឌុបពីរថ្ងៃនេះប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ខណៈលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញាខាងមុខ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ បានចេញសេចក្ដីប្រកាសប័ត៌មានបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។
ក្រសួងអប់រំ បានឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ បើទោះបីមានភ្លៀងធ្លាក់នៅរាជធានី ខេត្តចំនួន១៧ រួមមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ស្ពឺ កោះកុង កំពង់ចាម ព្រះសីហនុ សៀមរាប ប៉ៃលិន កណ្តាល បាត់ដំបង ព្រៃវែង និងរតនគិរី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ ពីសំណាក់ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងកិច្ចសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃនេះ បេក្ខជនអវត្តមានសរុប ១,៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង១,២៧ ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វ័យរិនអវត្តមាន ១,៥២២នាក់ (ស្រី ៥៨៦នាក់) និង បេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់ (ស្រី ១៦៥នាក់)។ បេក្ខជនមានបញ្ហាសុខភាព ២៦១ករណី ក្នុង នោះដាក់ឱ្យប្រឡងដាច់ដោយឡែក ៨៦ករណី ក្រោមការយកចិត្តទុកដាក់មើលថែទាំពីក្រុមគ្រូពេទ្យ។ បេក្ខជន មានជំងឺគ្រុនឈាម ១៣ករណី និងគ្រោះថ្នាក់ចរាចរណ៍ ៦ករណី។ គណៈមេប្រយោគមានបញ្ហាសុខភាព ៥៩ ករណី។ បេក្ខជនបោះបង់ការប្រឡងដោយសារបញ្ហាសុខភាព ៣ករណី។
បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង និងបានប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ហើយការយកសំណៅឯកសារចូលមណ្ឌលប្រឡងមានចំនួនតិចតួចបំផុត។ បេក្ខជនដែលបានប្រព្រឹត្តកំហុស ឆ្គងមាន ២ករណី និងគណៈមេប្រយោគ និងគណៈកម្មការនានាមានកំហុសឆ្គង ៥ករណី ហើយត្រូវបានកត់ត្រា ក្នុងរបាយការណ៍ពិសេស។
ដំណើរការសំណេរបានបញ្ចប់នៅម៉ោង ១៦:៣០រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ហឹបសន្លឹក កិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡងត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុត ដើម្បីត្រៀមនីតិវិធី បញ្ជូនមកកាន់រាជធានីភ្នំពេញសម្រាប់បន្តដំណើរការកំណែ។
ក្រសួងអប់រំបញ្ជាក់ថា៖«ជារួម ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ផ្សព្វផ្សាយតាម បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh»៕







																	
																															- 
																	
										
																			ព័ត៌មាន1 week agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
 - 
																	
										
																			ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
 - 
																	
										
																			ព័ត៌មាន5 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
 - 
																	
										
																			ព័ត៌មាន3 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
 - 
																	
										
																			ព័ត៌មាន3 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
 - 
																	
										
																			ព័ត៌មាន5 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ 
 - 
																	
										
																			ព័ត៌មាន4 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
 - 
																	
										
																			ព័ត៌មាន3 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង