ព័ត៌មាន
សម្តេចតេជោនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបលើកទី៨០ នៃបុណ្យឯករាជ្យជាតិវៀតណាម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចប្រទេសវៀតណាមនៅដើមខែកញ្ញានេះ ដើម្បីចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមហើយក្នុងអំឡុងពេលទស្សនកិច្ចនេះសម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលៗវៀតណាម និងថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀតផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភានាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថាតបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅរដ្ឋធានីហាណូយសាធារណរដ្ឋសង្គមនិយមវៀតណាម។
សមាសភាពគណៈប្រតិភូអមដំណើរ សម្ដេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងទៀតថា ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើសម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាមរួមមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី។ ជាមួយនេះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំបរទេសដទៃទៀតដែលនឹងអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។
សេចក្តីប្រកាសដដែលក៏បានឲ្យដឹងផងដែរថានេះជាទស្សនកិច្ចលើកទី៣នៅក្នុងឆ្នាំ២០២៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការប្ដេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាង នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ