ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ ជំរុញឱ្យសង្គមស៊ីវិល អង្គការដៃគូនៅកម្ពុជា សហការផ្ដល់ព័ត៌មានរបស់ពលករដែលមិនទាន់មានការងារធ្វើមកក្រសួង
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២ ខែកញ្ញានេះ បានជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មានរបស់ពលករខ្មែរដែលមិនទាន់មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូន។
ការជំរុញនេះ គឺធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីការព្រួយបារម្ភចំពោះឱកាសការងាររបស់បងប្អូនប្រជាពលករ ដែលទើបត្រឡប់ពីប្រទេសថៃ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ “សម្រាប់ខ្ញុំស្វាគមន៍ជានិច្ច ហើយយើងចង់បានណាស់។ អង្គការសង្គមស៊ីវិលទាំងអស់ គឺជាដៃគូរបស់រាជរដ្ឋាភិបាល ដូចនេះការផ្តល់ព័ត៌មានអំពីពលករមកកាន់ក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូនពលករ គឺជាការបង្ហាញពីកិច្ចសហការដ៏ល្អរបស់សង្គមស៊ីវិល និងដៃគូរក្រៅរដ្ឋាភិបាលក្នុងការជួយពលករឱ្យមានការងារធ្វើ ព្រោះនេះគឺជាកិច្ចការរួមទាំងអស់គ្នា ក្នុងនាមជាខ្មែរ មិនថាសង្គមស៊ីវិល រាជរដ្ឋាភិបាល ឬដៃគូផ្សេងទៀតនោះទេ។”

ជាមួយគ្នានេះ លោក ស៊ុន មេសា បានរំលឹកពីវិធានការសំខាន់ៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ រួមទាំងថ្ងៃសៅរិ៍ និងអាទិត្យផង ក្នុងការជួយសម្របសម្រួលជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ដោយបានដាក់ចេញវិធានការបន្ទាន់ជាង ១០ចំណុច ដើម្បីជួយពលករឱ្យមានការងារធ្វើ។

វិធានការបន្ទាន់ទាំងនោះរួមមាន៖ ការរៀបចំមណ្ឌលសំចត ឬកន្លែងទទួលពលករតាមបន្ទាត់ព្រំដែន, ការរៀបចំវេទិកាការងារឃុំចំនួន ៤០៧, ការចុះទៅតាមរោងចក្រសហគ្រាស-ក្រុមហ៊ុន ដើម្បីជំរុញឱកាសការងារដល់ពលករ និងការទទួលយកពលករដោយការយកចិត្តទុកដាក់, ការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២ ០០០នាក់ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះស្វែងរកការងារជូនពលករ, និងការលើកលែងឯកសារអត្តសញ្ញាណបណ្ណ ចំពោះការស្វែងរកការងារធ្វើជាដើម។

តាមរយៈវិធានការ និងការសម្រួបសម្រួលខាងលើនេះ មានពលករខ្មែរជាច្រើនម៉ឺននាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ ទទួលបានការងារធ្វើជាបន្តបន្ទាប់ ហើយក្រសួងការងារ នឹងបន្តជួយសម្របសម្រួលឱ្យពលករផ្សេងទៀត ទទួលបានការងារជាបន្តបន្ទាប់ទៀតដែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

ជាមួយនឹងការជំរុញឱ្យសង្គមស៊ីវិល និងដៃគូរបស់រាជរដ្ឋាភិបាលផ្តល់ព័ត៌មានពីពលករ ដែលមិនទាន់មានការងារធ្វើហើយនោះ, លោក ស៊ុន មេសា ក៏បានអំពាវនាវសារជាថ្មីឱ្យបងប្អូនពលករខ្មែរ គួរស្វែងរកការងារនៅក្នុងស្រុកដែលមានសុវត្ថិភាព អត្ថប្រយោជន៍ច្រើនជាង ហើយប្រាក់ឈ្នួលប្រហាក់ប្រហែលនឹងប្រទេសថៃ ជាជាងប្រថុយប្រថានទៅធ្វើការងារដោយខុសច្បាប់ ដែលអាចចាញ់បោកមេខ្យល់, ខាតបង់ថវិកា, រងការកេងប្រវ័ញ្ច, អសុវត្ថិភាព និងប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេស ថែមទៀត៕




-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦