ព័ត៌មាន
អាមេរិកបន្តយកចិត្តទុកដាក់បំផុតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងជំរុញឱ្យមានអ្នកសង្កេតការណ៍អាស៊ាន
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវស្រី ប្រីហ្គេត អ៊ែល វ៉កឃឺរ (Bridgette L.Walker) ភារធារីស្ដីទីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកជំទាវ និងសហការីសាជាថ្មី ហើយសម្ដេចត្រៀមក្នុងការជជែកជាមួយលោកជំទាវអំពីបញ្ហាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសស្ថានភាពចុងក្រោយនៃបញ្ហាវិវាទព្រំដែនកម្ពុជា និងថៃ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះលោកជំទាវ ភារធារីស្ដីទីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅថ្ងៃនេះជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ដែលលោកជំទាវបានលើកឡើងថា នាពេលបច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពល្អប្រសើរ ហើយនាពេលនេះស្ថានទូតអាមេរិកកំពុងប្រារព្ធនូវការអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកជំទាវបន្តថា លោកជំទាវនឹងជជែកបន្ថែមជាមួយសម្ដេចអំពីបញ្ហាចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលលោកប្រធានាធិបតី អាមេរិក ដូណាល់ ជេ ត្រឹម បានយកចិត្តទុកដាក់លើបញ្ហានេះ។

ក្នុងឱកាសនោះសម្ដេចតេជោ បានពន្យល់ទៅកាន់លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ទាក់ទងទៅនឹងសារបាននៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលកើតមានកន្លងមក ក៏ដូចជាស្ថានភាពចុងក្រោយនៃការវិវត្តនៃបញ្ហាជម្លោះកម្ពុជា និងថៃនៅក្រោយបទឈប់បាញ់រវាងប្រទេសទាំងពីរ ដែលទទួលបានកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ សម្ដេចតេជោបាននិយាយដោយចំៗនៅចំពោះមុខលោកជំទាវភារធារីស្ដីទីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ គឺមិនអាចមានបានឡើងប្រសិនបើឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ មិនបានចូលរួមចំណែកឬចាត់វិធានការជួយដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ។ សម្ដេចតេជោបន្តថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ គឺមានសារៈសំខាន់ណាស់ដែលអាចឱ្យភាគីទាំងពីរឈានទៅរកបទឈប់បាញ់ជាមួយគ្នា។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានបង្ហាញនូវការអរគុណយ៉ាងក្រៃលែងការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលរបស់ឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការបរទេសអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងាករតាមដាន ក៏ដូចជាដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើយបទឈប់បាញ់ដែលបានកើតមានឡើងតាមរយៈគំនិតផ្គួចផ្ដើមរបស់ឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសជួយកុំឱ្យមានទាហាន និងពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធរវាងភាគីទាំងពីរ។

សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីព្រួយបារម្ភផងដែរ ចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសពីភាគីថៃ ដែលចំណុចសម្ដេចតេជោ បារម្ភ និងចង់ឱ្យសហរដ្ឋអាមេរិកបន្តតួនាទី តាមដាន និងយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើងនេះដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការគោរពបទឈប់បាញ់បានពេញលេញ។ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកជំទាវថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានានូវការគោរពនូវបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។ សម្ដេចតេជោបញ្ជាក់ថា ជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពនៃបញ្ហាជម្លោះព្រំដែន កម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រឡប់ប្រក្រតីភាពឡើងវិញដូចកាលពីពេលមុនមានវិវាទជាមួយគ្នា។

ក្នុងឱកាសនោះ លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានអរគុណចំពោះការពន្យល់យ៉ាងក្បោះក្បាយ របស់សម្ដេចតេជោ ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកជំទាវ បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការទេសអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តក៏ដូចជាបញ្ហាប្រឈមចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះខ្លាំងណាស់ដោយលោកទាំងពីរបានបន្តកិច្ចការងារតាមដានដោយកៀកបំផុតលើបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត ហើយជាជំហររបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដង លោកជំទាវបានបញ្ជាក់ថា អាមេរិកចង់ឃើញនូវការវិវត្តនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃវិលទៅរកប្រក្រតីភាព និងល្អប្រសើរ គឺសហរដ្ឋអាមេរិកចង់ឃើញសន្ដិភាព កើតមានឡើងរវាងកម្ពុជា និងថៃ។
ក្នុងឱកាសនោះសម្ដេចតេជោ បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា គឺចង់ឱ្យមានអ្នកសង្កេតការណ៍បន្ថែមទៀតដើម្បីយកចិត្តទុកដាក់ទៅលើការអនុវត្តនូវបទឈប់បាញ់រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបលោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានបញ្ជាក់បន្ថែមថា ជំហររបស់អាមេរិក គឺចង់ភាគីទាំងពីរបង្កើតឱ្យមានអ្នកសង្កេតការណ៍អាស៊ានដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅ។ លោកជំទាវបន្ថែមថា លោកជំទាវនឹងជំរុញដើម្បីធ្វើយ៉ាងណាឱ្យអ្នកសង្កេតការណ៍អាស៊ានចេញជារូបរាងឡើងតាមការឯកភាពគ្នារបស់ភាគីទាំងពីរ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានអរគុណដល់សហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋភៀសសឹក ដោយសម្ដេចតេជោបង្ហាញនូវការអរគុណចំពោះកាយវិការមនុស្សធម៌របស់សហរដ្ឋអាមេរិក៕




-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨