ព័ត៌មាន
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាន បញ្ជាក់ទៅ លោកជំទាវស្រី ប្រីហ្គេត អ៊ែល វ៉កឃឺរ (Bridgette L.Walker) ភារធារីស្ដីទីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាថា កម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលត្រលប់ប្រក្រតីភាពឡើងវិញ។
សម្ដេចតេជោ បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យលោកជំទាវស្រី ប្រីហ្គេត អ៊ែល វ៉កឃឺរ (Bridgette L.Walker) ភារធារីស្ដីទីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះសម្ដេចតេជោបានពន្យល់ទៅកាន់លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ទាក់ទងទៅនឹងសារបាននៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលកើតមានកន្លងមក ក៏ដូចជាស្ថានភាពចុងក្រោយនៃការវិវត្តនៃបញ្ហាជម្លោះកម្ពុជា និងថៃនៅក្រោយបទឈប់បាញ់រវាងប្រទេសទាំងពីរ ដែលទទួលបានកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ សម្ដេចតេជោបាននិយាយដោយចំៗនៅចំពោះមុខលោកជំទាវភារធារីស្ដីទីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ គឺមិនអាចមានបានឡើងប្រសិនបើឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ មិនបានចូលរួមចំណែកឬចាត់វិធានការជួយដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ។ សម្ដេចតេជោបន្តថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ គឺមានសារៈសំខាន់ណាស់ដែលអាចឱ្យភាគីទាំងពីរឈានទៅរកបទឈប់បាញ់ជាមួយគ្នា។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានបង្ហាញនូវការអរគុណយ៉ាងក្រៃលែងការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលរបស់ឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការបរទេសអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងាករតាមដាន ក៏ដូចជាដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើយបទឈប់បាញ់ដែលបានកើតមានឡើងតាមរយៈគំនិតផ្គួចផ្ដើមរបស់ឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសជួយកុំឱ្យមានទាហាន និងពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធរវាងភាគីទាំងពីរ។

សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីព្រួយបារម្ភផងដែរ ចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសពីភាគីថៃ ដែលចំណុចសម្ដេចតេជោ បារម្ភ និងចង់ឱ្យសហរដ្ឋអាមេរិកបន្តតួនាទី តាមដាន និងយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើងនេះដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការគោរពបទឈប់បាញ់បានពេញលេញ។ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកជំទាវថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានានូវការគោរពនូវបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។ សម្ដេចតេជោបញ្ជាក់ថា ជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពនៃបញ្ហាជម្លោះព្រំដែន កម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រលប់ប្រក្រតីភាពឡើងវិញដូចកាលពីពេលមុនមានវិវាទជាមួយគ្នា។

ក្នុងឱកាសនោះ លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានអរគុណចំពោះការពន្យល់យ៉ាងក្បោះក្បាយ របស់សម្ដេចតេជោ ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកជំទាវ បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការទេសអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តក៏ដូចជាបញ្ហាប្រឈមចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះខ្លាំងណាស់ដោយលោកទាំងពីរបានបន្តកិច្ចការងារតាមដានដោយកៀកបំផុតលើបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត ហើយជាជំហររបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដង លោកជំទាវបានបញ្ជាក់ថា អាមេរិកចង់ឃើញនូវការវិវត្តនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃវិលទៅរកប្រក្រតីភាព និងល្អប្រសើរ គឺសហរដ្ឋអាមេរិកចង់ឃើញសន្ដិភាព កើតមានឡើងរវាងកម្ពុជា និងថៃ។

ក្នុងឱកាសនោះសម្ដេចតេជោ បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា គឺចង់ឱ្យមានអ្នកសង្កេតការណ៍បន្ថែមទៀតដើម្បីយកចិត្តទុកដាក់ទៅលើការអនុវត្តនូវបទឈប់បាញ់រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតបលោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានបញ្ជាក់បន្ថែមថា ជំហររបស់អាមេរិក គឺចង់ភាគីទាំងពីរបង្កើតឱ្យមានអ្នកសង្កេតការណ៍អាស៊ានដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅ។ លោកជំទាវបន្ថែមថា លោកជំទាវនឹងជំរុញដើម្បីធ្វើយ៉ាងណាឱ្យអ្នកសង្កេតការណ៍អាស៊ានចេញជារូបរាងឡើងតាមការឯកភាពគ្នារបស់ភាគីទាំងពីរ។
សម្ដេចតេជោ ក៏បានអរគុណដល់សហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋភៀសសឹក ដោយសម្ដេចតេជោបង្ហាញនូវការអរគុណចំពោះកាយវិការមនុស្សធម៌របស់សហរដ្ឋអាមេរិក៕

-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ