ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បដិសេធ ការបង្ហោះហ្វេសប៊ុកថា ត្រូវបង់ថ្លៃសេវារហូតដល់ ៥ម៉ឺនដុល្លារ ដើម្បីចូលធ្វើការ
ភ្នំពេញ ៖ តាមរយៈ សេចក្តីស្រាយបំភ្លឺព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានបកស្រាយបំភ្លឺ ពីការលើកឡើង របស់គណនីហ្វេសប៊ុកផេកមួយឈ្មោះ Lim Kimsor ដែលបានសរសេរបង្ហោះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថា “លឺថា បើចង់ធ្វើការនៅព្រលានយន្តហោះថ្មី ត្រូវបង់ថ្លៃសេវាមុខងារ ៣ ០០០$ ទៅ ៥០ ០០០$ ទើបអាចធ្វើការនៅនោះបាន” ដែលការសរសេរបង្ហោះនេះ ជាការលើកឡើងមិនពិត ដោយពុំមានភស្តុតាង និងប្រភពច្បាស់លាស់។
“រ.ល.អ.ស” បញ្ជាក់ថា យោងខ្លឹមសារ នៃការសរសេរបង្ហោះនេះ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលត្រៀមនឹងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ក៏ដូចជាប៉ះពាល់ដល់ស្ថានប័នពាក់ព័ន្ធ ជាពិសេសមុខមាត់ប្រទេសជាតិ ព្រមទាំងធ្វើឱ្យសាធារណជនមានការយល់ច្រលំខុស អំពីនីតិវិធីក្នុងការជ្រើសរើស បុគ្គលិករបស់អាកាសយានដ្ឋាន។
ហេតុនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមបញ្ជាក់បំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖
១. រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានតួនាទីក្នុងការតាមដាន និងត្រួតពិនិត្យលើស្តង់ដា សុវត្ថិភាព សន្តិសុខ គុណភាព នៃកិច្ចប្រតិបត្តិការ ព្រមទាំងផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រដល់ ប្រតិបត្តិកររបស់ ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ុន វេសម៉ិន ឯ.ក (Cambodia Airport Investment Co., Ltd – CAIC) និងក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ខេមបូឌា អ៊ែរផត (Cambodia Airports) ដោយឡែក រាល់ការជ្រើសរើសបុគ្គលិកឱ្យចូលបំពេញការងារនៅក្នុងក្រុមហ៊ុន គឺមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឬក្រសួង-ស្ថាប័នរដ្ឋ ណាមួយឡើយ តែជាសមត្ថកិច្ចរបស់ក្រុមហ៊ុនដោយផ្ទាល់។
២. យោងការបញ្ជាក់ និងការបកស្រាយពីភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ុន វេសម៉ិន ឯ.ក (CAIC) និងក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ខេមបូឌា អ៊ែរផត (Cambodia Airports) បានឱ្យដឹងថា៖
– ក្រុមហ៊ុនមានគោលការណ៍នីតិប្រតិបត្តិរួម (Standard Operating Procedure/ SOP) ច្បាស់លាស់ ក្នុងការជ្រើសរើសបុគ្គលិកដែលមានគុណវុឌ្ឍ ផ្អែកលើលក្ខខណ្ឌយោងការងារ (Term of Reference) ការពិពណ៌នាមុខតំណែង (Job Descriptions) និងលក្ខណៈវិនិច្ឆ័យ (Criteria) ដើម្បីឱ្យចូលបម្រើការទៅតាមផ្នែកនីមួយៗ។
– បុគ្គលិកដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនឱ្យចូលបំពេញការងារទាំងអស់ សុទ្ធតែត្រូវបាន ឆ្លងកាត់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការជ្រើសរើសយ៉ាងតឹងតែង តាំងពីដំណាក់កាលនៃការដាក់ពាក្យស្នើសុំ ការធ្វើតេស្ត សមត្ថភាព (ភាសា ជំនាញបច្ចេកទេស និងបទពិសោធន៍) និង រហូតដល់ការធ្វើបទសម្ភាសន៍ដោយផ្ទាល់ (គណៈកម្មការចម្រុះ-ពហុផ្នែក)។
៣. បងប្អូនដែលមានបំណងចង់ដាក់ពាក្យចូលបំពេញការងារនៅក្នុងក្រុមហ៊ុនទាំងនោះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ឬការឆបោកពីប្រភពព័ត៌មាន មិនច្បាស់លាស់ណាមួយ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើន និងបន្តរក្សាបាននូវសន្តិភាព ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍-អាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងបងប្អូនជនរួមជាតិមាតុភូមិទាំងអស់។
ជាមួយគ្នានេ “រ.ល.អ.ស” សំណូមពរសាធារណជនមេត្តាប្រុងប្រយ័ត្ន និងពិចារណាចំពោះរាល់ការបង្ហោះ និង ការចែកចាយព័ត៌មានបន្ត ណាមួយ តាមរយៈហ្វេសប៊ុកផេក ឬផេកសារព័ត៌មានមួយចំនួន ដែលពុំមានប្រភព ច្បាស់លាស់ និងពុំមានអំណះអំណាងគ្រប់គ្រាន់៕



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ