ព័ត៌មាន
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
ភ្នំពេញ៖ ខណៈកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៦ លើកទី៣ នឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តំណាងភាគីនិយោជក បានឱ្យដឹងថា នៅតែប្រកាន់គោលជំហរតួលេខប្រាក់ឈ្នួលនៅដដែល ខណៈដែលភាគីសហជីពតំណាងកម្មករនិយោជិត បានសម្រេចនិងមូលមតិគ្នា ស្នើសុំដំឡើងចំនួន ១០ដុល្លារបន្ថែម លើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៨ដុល្លារអាម៉េរិក។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ការស្នើសុំរក្សាតួលេខប្រាក់អប្បបរមានៅដដែលនេះ ដោយសារត្រូវតែមានការប្រៀបធៀបជាមួយនិងប្រទេសជិតខាង ឧទាហរណ៍ថា ប្រសិនបើប្រាក់ឈ្នួលនៅកម្ពុជាឡើងខ្ពស់ពេកគឺអាចធ្វើឱ្យមានការប៉ះពាល់អ្នកវិនិយោគថ្មីៗដែលនឹងមកវិនិយោគបន្ថែមទៀតនៅកម្ពុជា នឹងធ្វើឱ្យពួកគាត់អាចរារែក ទៅមើលវិនិយោគនៅប្រទេសផ្សេងៗជំនួសវិញ។ អ្នកឧកញ៉ា បន្ថែមថា ប្រាក់ឈ្នួលអប្បបរមានេះដែរ បើក្រឡេកទៅមើលប្រទេសផ្សេងៗទៀត នៅមានប្រាក់ខែដែលធូរជាងនៅប្រទេសកម្ពុជាជាច្រើនដែរ។
អ្នកឧកញ៉ា សង្ឃឹមថា ឆ្នាំនេះ ប្រសិនបើមានការតម្លើងប្រាក់ឈ្នួលបន្តទៀត សុំកុំឱ្យឡើងខ្ពស់ពេក ដើម្បីឱ្យកម្ពុជាមានឱកាសស្រូបយកអ្នកវិនិយោគថ្មីៗថែមទៀតដើម្បីបង្កើតរោងចក្រនៅកម្ពុជា។ ដោយឡែក សម្រាប់រោងចក្រដែលមានស្រាប់ ក៏អាចពង្រីកសង្វាក់ផលិតកម្មបន្ថែមទៀត និងផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុក ជាពិសេសដើម្បីឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងជាមួយប្រទេសផ្សេងៗទៀតដែលធ្វើពាណិជ្ជកម្មក្នុងវិស័យកាត់ដេរនេះ។
លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឱ្យប៊ីធីវី ដឹងថា ការស្នើសុំដំឡើងចំនួន ១០ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន គឺយោងតាមលក្ខណៈបច្ចេកទេសទំាងអស់។ លោកបានបន្តថា ការស្នើសុំខាងលើនេះ បើក្នុងករណីចាំបាច់ នឹងពិនិត្យទៅមើលទឡ្ហីករណ៍ណាមួយទៀត ហើយក៏ត្រូវពិនិត្យទៅលើការដំឡើងប្រាក់ឈ្នួលពាក់ព័ន្ធនយោបាយផ្សេងៗទៀតជាមួយទៅនឹងប្រទេសជិតខាង ជាពិសេសគឺការប្រកួតប្រជែង ដែលក្រុមសហជីពត្រូវតែធ្វើអ្វីឈរលើឆន្ទៈដើម្បីចង់បានឲ្យមានការងារជូនដល់កម្មករនិយោជិតទាំងអស់គ្នា។
ពាក់ព័ន្ធកិច្ចចរចាប្រាក់ឈ្នួលអប្បបរមានេះដែរ កម្មការិនីរោងចក្រកាត់ដេរស្បែកជើង ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឈ្មោះ ស៊ី នួន បាននិយាយថា គិតមកដល់ពេលនេះអ្នកស្រីធ្វើការងាររោងចក្រ បានរយៈពេលជាង១០ឆ្នាំ និងកត់សម្គាល់ឃើញថា ប្រាក់ឈ្នួលមានការតម្លើងជារៀងរាល់ឆ្នាំ បើទោះបីជាចំនួនមិនទាន់សមបំណង ប៉ុន្តែពិតសប្បាយចិត្ត ព្រោះមើលឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព ពិតជាមានការយកចិត្តទុកដាក់ជាខ្លាំង ក្នុងការចរចាប្រាក់ឈ្នួលកម្មករ។
សូមបញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រីភាគី (ភាគីរដ្ឋាភិបាល, សហជីព, និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះមានស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ គិតត្រឹមឆ្នាំ២០២៥នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យកាត់ដេរមានចំនួន ២០៨ដុល្លារអាម៉េរិក ក្នុងមួយខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕
អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន4 days ago
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប
-
កីឡា6 days ago
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
-
កីឡា6 days ago
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
-
កីឡា6 days ago
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងកម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
-
កីឡា6 days ago
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
-
ព័ត៌មាន1 week ago
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់
-
ព័ត៌មាន5 days ago
កម្ពុជាច្រានចោលការបន្តផ្សាយព័ត៌មានមិនពិតរបស់ភាគីថៃថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»