ព័ត៌មាន
ទីស្តីការគណៈរដ្ឋមន្រ្តី ពង្រឹងចំណេះដឹង និងលទ្ធភាពប្រើប្រាស់ AI ក្នុងការងារ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI)» ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងអំពី AI និងមានលទ្ធភាពអាចប្រើប្រាស់ AI ក្នុងការងាររបស់ខ្លួន។
សិក្ខាសាលានេ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ ចំពោះ ECOSOCC ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំនិងចូលរួមសិក្ខាសាលាដ៏ទូលំទូលាយនិងមានសំខាន់នេះ ស័ក្តិសមទៅនឹងបរិបទបច្ចុប្បន្ន ដែល AI កំពុងវិវត្តទៅមុខយ៉ាងលឿន និងបាននាំមកនូវការប្រែប្រួលមិនធ្លាប់មាន (Radical Transformation) នៅគ្រប់វិស័យ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ រួមទាំងវិស័យអភិបាលកិច្ចសាធារណៈ ជាពិសេសសិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីស្មារតីបុរេសកម្ម និងឆន្ទៈរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីគាំទ្រដល់ការបំពេញមុខងារ និងតួនាទីរបស់ខ្លួនក្នុងនាមជាសេនាធិការជូននាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា ការកំណត់យកបច្ចេកវិទ្យាឌីជីថលជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង គោលនយោបាយពាក់ព័ន្ធផ្សេងទៀត រួមមាន «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» និង គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានក្លាយជាផែនទីបង្ហាញផ្លូវ ក្នុងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវឆន្ទៈមោះមុតនេះ តាមរយៈ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដោយក្នុងនោះ «បច្ចេកវិទ្យា» គឺជាអាទិភាពគន្លឹះមួយ ហើយ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានកំណត់ជារបៀបវារៈថ្មីនៃគោលនយោបាយប្រទេសជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានមុខងាររួមចំណែកក្នុងការសម្រេចចិត្តសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចចិត្តជាគោលនយោបាយ ជាយុទ្ធសាស្ត្រ និងការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំណត់ទិសដៅនៃការកសាង និងការអភិវឌ្ឍជាតិ ការធ្វើទំនើបកម្ម និងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា គឺជាកាតព្វកិច្ចសំខាន់ ហើយទីស្តីការគណៈរដ្ឋមន្ត្រីបានដាក់ឱ្យអនុវត្តនូវ ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨, ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ និងឆាប់ៗនេះក៏នឹងដាក់ចេញនូវ កម្មវិធីបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់បម្រើដល់ការអនុវត្តការងារ ព្រមទាំងមានការផ្សារភ្ជាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ