ព័ត៌មាន
កិច្ចប្រជុំពិសេស GBC ថ្ងៃនេះ កម្ពុជា-ថៃ ពិភាក្សាលើករណីទាហានដែលត្រូវបានចាប់ខ្លួនឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន
ភ្នំពេញ៖ កិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រមុខការងារជាតិ កម្ពុជា និងថៃ បានពិភាក្សាលើករណីទាហានដែលត្រូវបានចាប់ខ្លួនឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំ។
កិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនៅព្រឹកនេះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យតាមដានលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង ដើម្បីដាក់ចេញនូវជំហានជាក់ស្តែងនានាដែលចាំបាច់សំដៅអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
កិច្ចប្រជុំក៏បានបង្ហាញពីលទ្ធផលវិជ្ជមានមួយកម្រិតទៀត ពីលើការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ចំនួន៤លើក ដែលបានប្រព្រឹត្តទៅកាលពីខែមុន រវាងកងយោធពល ខេមរភូមិន្ទកម្ពុជា និងកងទ័ពភូមិន្ទថៃ។ ខណៈចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញានេះ ក្រុមការងារលេខាធិការដ្ឋានរបស់ប្រទេសទាំងពីរបានជួបប្រជុំគ្នា នៅក្នុងខេត្តកោះកុង ក្រោមបរិយាកាសប្រកបដោយភាពជិតស្និទ្ធ និងការស្ថាបនាផងដែរ។
ជាលទ្ធផល អង្គប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) បានពិភាក្សាករណីទាហានដែលត្រូវបានចាប់ខ្លួនឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ និងស្របតាមមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានទី១២៨ (A) នៃច្បាប់ទំនៀមទម្លាប់ មនុស្សធម៌អន្តរជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន៕
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៣ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕





-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា