ព័ត៌មាន
កាកបាទក្រហមអន្តរជាតិ៖ កងទ័ពកម្ពុជា១៨នាក់ ដែលថៃចាប់ទៅ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា
លោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បាន ឲ្យដឹងថា កងទ័ពកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះ ពួកគេមានសុវត្ថិភាពល្អ និង សុខភាពល្អធម្មតាទាំងអស់គ្នា។
យោងតាមផេកផ្លូវការរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ហើយក្នុងកិច្ចជំនួបនោះ ភាគីកាកបាទក្រហមអន្តរជាតិ បានចែករំលែកនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២ដល់នាយទាហានទាំង ១៨រូបរបស់កម្ពុជា ដែលថៃចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)នោះ បានទទួលព័ត៌មានថា «ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា»។
នៅក្នុងកិច្ចជំនួបនោះលោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ»។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសក្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ទាក់ទងនឹងយោធាកម្ពុជា១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ ។ ដោយសម្តេចធិបតី បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានតាមទ្វេភាគី តំបន់ និង អន្តរជាតិ ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះ ដោយសង្កត់ធ្ងន់ថា «សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្ដីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែក មនុស្សធម៌ជាបន្ទាន់»៕អត្ថបទបាបនចក់









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ