ព័ត៌មាន
កម្ពុជា-បារាំង បានឯកភាពរៀបចំសម័យប្រជុំលើកទី៣នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីនាចុងឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ – ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Oliver RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Oliver RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូរនេះឈរលើមូលដ្ឋាន ប្រវត្តិសាស្ត្ររួម និងការជឿជាក់គ្នាទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អះអាងនូវការ ប្តេជ្ញាចិត្តមុតមាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីបន្តសមិទ្ធផល របស់ឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិមុនៗ។
ក្នុងឱកាសជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសន្ទនាកម្រិតខ្ពស់ជាពិសេសជំនួបពិភាក្សាប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង ក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិលើកទី៣ស្តីពីមហាសមុទ្រ នៅទីក្រុងនីស កាលពីខែមិថុនា កន្លងមក។
ជំនួបផ្លាស់ប្តូរយោបល់នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចុះហត្ថលេខា និងការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយ ចីរភាព នៅក្រៅដែនយុត្ថាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (BBNJ) និងការគាំទ្រ សន្ធិសញ្ញា – Nice Wake-Up Call for an Ambitious Plastics Treaty»។ ភាគីទាំងពីរក៏បានបង្ហាញពីការ ពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសម្រេចបានក្នុងការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ និងបានឯកភាពរៀបចំសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង ចុងឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ចំពោះសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះការបន្តគាំទ្ររបស់បារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ បារាំង(AFD)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់គណៈប្រតិភូធុរជនបារាំង MEDEF International និងបានកោតសរសើរចំពោះតួនាទីយ៉ាង សកម្មរបស់ MEDEF ក្នុងការចូលរួមជាមួយសហគ្រាសបារាំងនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការវិនិយោគ បន្ថែមនៅវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមមាន វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវវឌ្ឍនភាពទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ