ព័ត៌មាន
សាលារៀនជំនាន់ថ្មីចាប់ផ្ដើមទទួលចុះឈ្មោះសិស្ស និងត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីខែក្រោយ
សាលារៀនជំនាន់ថ្មី បានបញ្ចប់ការប្រឡងជ្រើសរើសសិស្សរួចរាល់ ដោយបច្ចុប្បន្ន សាលាកំពុងទទួលពាក្យចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សាថ្មី។ ការទទួលពាក្យសិក្សានៅសាលារៀនជំនាន់ថ្មី ក៏ដូចជាការចាប់ផ្ដើមបវេសនកាលឆ្នាំសិក្សាថ្មី នៅសាលារៀនជំនាន់ថ្មី គឺធ្វើឡើងលឿនជាងសាលារៀនរដ្ឋទូទៅ។ ការសិក្សានៅសាលារៀនជំនាន់ថ្មី នឹងចាប់ផ្ដើមនៅថ្ងៃទី ១ ខែតុលាខាងមុខ។
សាលារៀនជំនាន់ថ្មី ជាសាលាមានស្វ័យភាព ដែលមានការរៀបចំផ្សេងគ្នា ពីសាលារៀនរដ្ឋទូទៅ។ ជាការរៀបចំសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះ សាលារៀនជំនាន់ថ្មី នឹងចាប់ផ្ដើមការចូលរៀន មុនសាលារៀនរដ្ឋទូទៅរយៈពេលមួយខែ។ សាលារៀនរដ្ឋទូទៅចាប់ផ្ដើមសិក្សានៅថ្ងៃទី ១ ខែវិច្ឆិកា រីឯសាលាជំនាន់ថ្មី ចាប់ផ្ដើមសិក្សានៅថ្ងៃទី ១ ខែតុលា។
សម្រាប់វិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី បានតម្រូវឱ្យសិស្សទើបប្រឡងជាប់ចូលរៀនថ្នាក់ទី ៧ថ្នាក់ទី ៨ និងថ្នាក់ទី ១០ ត្រូវដាក់ពាក្យចូលរៀនចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែកញ្ញាជាកំហិត។ ការដាក់ពាក្យយឺតយ៉ាវជាងថ្ងៃកំណត់ គឺមានន័យថា ការបោះបង់ឱកាស។ សាលានឹងចាប់ផ្ដើមបវវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី ១ ខែតុលា។
សម្រាប់ការមកចុះឈ្មោះសិក្សាក្នុងថ្ងៃដំបូងនេះ អាណាព្យាបាលជាច្រើន បានជូនកូនទៅចុះឈ្មោះតាមលក្ខណ្ឌសាលាតម្រូវ។ ទាំងអាណាព្យាបាល ទាំងសិស្សដែលត្រៀមចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី បានបង្ហាញនូវភាពសប្បាយចិត្តជាខ្លាំង។ សប្បាយចិត្ត ដែលកូនបានចូលរួមប្រឡង ប្រកួតប្រជែងជាមួយសិស្សដទៃ និងអាចទទួលបានលទ្ធផលជោគជ័យ មានសិទ្ធិចូលរៀននៅសាលារៀនជំនាន់ថ្មី។
បច្ចុប្បន្នសាលារៀនជំនាន់ថ្មី នៅទូទាំងប្រទេសមានចំនួន ១៤សាលារៀន ដែលបាននឹងកំពុងដំណើរការ។ ឆ្នាំសិក្សាថ្មីខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតសាលារៀនជំនាន់ថ្មីចំនួន ៨បន្ថែមទៀត។ សាលារៀនដែលនឹងវិវត្តខ្លួនទៅជាសាលារៀនជំនាន់ថ្មី រួមមាន វិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង វិទ្យាល័យហ៊ុនសែន ស្គន់ ខេត្តកំពង់ចាម វិទ្យាល័យ ហ៊ុនសែន សេរីភាព វិទ្យាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឬស ខេត្តកណ្ដាល វិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគីរី វិទ្យាល័យស្វាយរៀង និងវិទ្យាល័យ ហ៊ុនសែន ប្រសូតិ ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ដែរថា សាលារៀនជំនាន់ថ្មី ដែលត្រៀមដំណើរការនៅឆ្នាំសិក្សាថ្មី ក៏នឹងមានការប្រឡងជ្រើសរើសសិស្សសម្រាប់ការចូលរៀនផងដែរ។ ជាក់ស្ដែងសម្រាប់វិទ្យាល័យហ៊ុនសែនសេរីភាព នឹងរៀបចំការប្រឡងជ្រើសរើសសិស្សចូលរៀនកម្មវិធីជំនាន់ថ្មី នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ខាងមុខ៕ អត្ថបទ៖ គឹម ហុក








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ