ព័ត៌មាន
ឯកឧត្តម ឯក ចន្ថា នាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច ផ្ដល់ជូនដល់កងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ដែលស្ថិតនៅខេត្ត ព្រះវិហារ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការដឹងគុណ យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិ ព្រមទាំង ការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូន ចំពោះក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្តិភាព និងស្ថិរភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ស្ថិតនៅក្នុងទស្សនវិស័យនៃសិល្បៈការចែករំលែក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចងសម្ព័ន្ធមេត្រីជាមួយអង្គភាពទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាពរវាងកងទ័ព និងស្ថាប័នអង្គភាពស៊ីវិលឱ្យកាន់តែរឹងមាំ និងជិតស្និទ្ឋ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែប្រសើរ។ ជាក់ស្តែង លើកនេះ គឺជាលើកទី៣៥ គិតចាប់តាំងពីឆ្នាំ២០០៨ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូនកងទាហាននិងកងនគរបាល ការពារព្រំដែនគោកនៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។
ក្នុងវេទិកាដ៏សោមនស្សរីករាយនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ពីការឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព នៃការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបន្តរក្សាបាននូវសន្តិភាពនិងស្ថេរភាពនយោបាយ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យសម្រាប់ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។
ឯកឧត្តមអគ្គលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះបងប្អូនកងកំលាំងទាំងអស់ដែលឈរជើងនៅសមរភូមិមុខតំបន់មុំបីនេះ ព្រមទាំងបានប្រគល់ជូននូវអំណោយជាថវិកា និងគ្រឿងបរិក្ខារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថ្នាំពេទ្យមួយចំនួន ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ៕











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន