ព័ត៌មាន
ឯកឧត្តម Wang Yi៖ កម្ពុជា និងថៃ គឺជាអ្នកជិតខាងល្អហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ ខណៈបេសកជនពិសេសរបស់ចិនកំពុងបំពេញបេសកកម្មសម្របសម្រួល
ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា កម្ពុជា និងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ ខណៈបេសកជនពិសេសរបស់ចិនកំពុងបំពេញបេសកកម្មសម្របសម្រួលលើកទី៣ចំពោះវិវាទព្រំដែននៃប្រទេសទាំងពីរ។
ឯកឧត្តម វ៉ាង យី (Wang Yi) បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន រដ្ឋធានីប៉េកាំង, សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម វ៉ាង យី បានថ្លែងថា៖«ភាគីចិនបានឃាត់និងជំរុញឱ្យមានពិភាក្សាយ៉ាងសកម្ម ចាប់តាំងពីជម្លោះបានកើតឡើង។ កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ។ យើងសង្ឃឹមថាភាគីទាំងពីរនឹងចាប់យកឱកាសនេះ ដើម្បីពន្លឿនដំណើរការផ្សះផ្សារ។ បេសកជនពិសេសរបស់ភាគីចិនកំពុងបំពេញបេសកកម្មសម្របសម្រួលលើកទី៣ ហើយរីករាយក្នុងការផ្តល់ជំនួយយ៉ាងសកម្មស្របតាមការចង់បានរបស់ភាគីទាំងពីរ»។
កិច្ចប្រជុំនាឱកាសនេះកម្ពុជា និងចិនក៏បានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ, គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល, គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ, គម្រោងពង្រីកការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, និងគម្រោងច្រករបៀងត្រី និងអង្ករ ជាដើម។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង យី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួមនិងផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ ខណៈឯកឧត្តមក៏ទើបអញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អ៊ឺរ៉ុបនាពេលថ្មីៗនេះ។ ការស្វាគមន៍នេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងឯកឧត្តម វ៉ាង យី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះប្រទេសចិនដែលទទួលបានភាពជោគជ័យលើការរៀបចំកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូកនាពេលថ្មីៗនេះ៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន