ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារជាតិចូលរួមកាន់បិណ្ឌទី១០ នៅវត្តឧណ្ណាលោម ឧទ្ទិសកុសលជូនបុព្វការីជន និងវីរជនស្នេហាជាតិ
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី១០ នៅវត្តឧណ្ណាលោម ប្រគេនចង្ហាន់ និងបច្ច័យ៤ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា និងដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរជនស្នេហាជាតិ ញាតិកាទាំងប្រាំពីរសន្តាន ពិសេសវីរកងទ័ពដែល ពលីការពារបូរណភាពទឹកដីជាដើម។
លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី១០ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃគង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ត្រូវនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា។ នៅក្នុងពិធីបុណ្យ កាន់បិណ្ឌទី១០នេះ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវបណ្ឌិត ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញប្រតិបត្ដិព្រះធម៌ សូត្រមន្ដ នមស្ការ ចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ តាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសា- ភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតា-បិតា ជីដូន-ជីតាជាដើម។
ក្រៅពីការឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត, អ្វីដែលថ្នាក់នាំ មន្រ្តីរាជការ បុគ្គលិក និងប្រជាពលរដ្ឋ មិនអាច បំភ្លេចបានគឺគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងសាសនា ជាពិសេសចំពោះវិរះយុទ្ធជនពលីជីវិតលើកិច្ចការការពារទឹកដី នៃការប៉ះទង្គិចក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗ ក្នុងនោះ លោកជំទាវបានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័នអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀង ឃ្លាតឡើយ។ ក្រៅពីនេះ លោកជំទាវក៏បានជូនពរដល់វិរះយុទ្ធជនកំពុងសម្រាកព្យាបាល ឱ្យបានឆាប់ជាសះស្បើយ និងមានសុខភាព ល្អបរិបូរណ៍ ប្រកបដោយកំលាំងខ្លាំងក្លា ដើម្បីបន្តបំពេញភារកិច្ចដ៏ឧត្ដង្គឧត្ដមជូនជាតិមាតុភូមិ ព្រមទាំងបបួងសួង សូមឲ្យមនុញ្ញផល កើតចេញពីបុណ្យ ផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី១០នេះ លោកជំទាវ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី បានប្រគេនគ្រឿងបរិភោគ-ឧបភោគមួយចំនួនដល់ព្រះសង្ឃរួមមាន៖ អង្ករចំនួន ១០ បាវ, មីជាតិ ១៨ កេស, ស្ករស ៥ បាវ, ទឹកដោះគោ ៥កេស, ទឹកសុទ្ធ ៥០ កេស, ទឹកក្រូច ២៥ កេស, ទឹកផ្លែឈើ ២៥ កេស, ទឹកត្រីនិងទឹកស៊ីអ៊ីវ ២០ យួរ, អំបិល ២០ គីឡូ និងត្រីខ ៥ កេស សរុបបច្ច័យ ទាំងអស់មានទឹកប្រាក់សរុបជាង ៦៤ លានរៀល៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន