ព័ត៌មាន
កម្មកររោងចក្រសប្បាយចិត្តក្រោយទទួលការបើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ម្ចាស់រោងចក្រ សហគ្រាសជាច្រើន បានសម្របសម្រួលបើកប្រាក់ឈ្នួល និងរោងចក្រមួយចំនួនផ្សេងទៀតបានបើកប្រាក់ឈ្នួលបន្ថែមទៀតដល់កម្មករនិយោជិត មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
លោក អ៊ុំ សុវណ្ណវឌ្ឍនា រដ្ឋបាលរោងចក្រផលិតថង់ ប្លាស្ទីក Rally Packaging Cambodia CO.,LTD នៅរាជធានីភ្នំពេញបានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះថា រោងចក្រនេះ បានផ្តល់ការឈប់សម្រាកដល់កម្មករនិយោជិតទាំងអស់ចំនួនមួយសប្តាហ៍ពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ និងចូលបំពេញការងារឡើងវិញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមិនមានការកាត់ប្រាក់ឈ្នួលអ្វីទាំងអស់ផងដែរ។
លោកបានឱ្យដឹងទៀតថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ភាគីនិយោជកបានបើកប្រាក់ឈ្នួលដល់កម្មករនិយោជិតតាំងពីសប្តាហ៍មុនមកម្ល៉េះ។ ហើយដោយឡែកនៅក្នុងសប្តាហ៍នេះ និយោជកក៏បានបើកថវិកាមួយចំនួនថែមទៀត ដើម្បីទុកជាសោហ៊ុយដល់កម្មករនិយោជិតធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ។
លោក ផាក សុភិក្ត កម្មកររោងចក្រខាងលើនេះ ដែលមានស្រុកកំណើតនៅខេត្តក្រចេះ បាននិយាយឱ្យដឹងថា ជាទូទៅរាល់ពិធីបុណ្យជាតិធំៗ កម្មកររោងចក្រភាគច្រើនតែងតែទទួលបានការឈប់សម្រាកជាច្រើនថ្ងៃ និងមិនកាត់ប្រាក់ឈ្នួលផងដែរ។ លោកបន្តថា ឆ្នាំនេះក្រៅពីជួបជុំក្រុមគ្រួសារ និងនាំយកចង្កាន់ប្រគេនព្រះសង្ឃ គឺមិនមានគម្រោងទៅកម្សាន្តទីណានោះទេ ព្រោះរដូវនេះ សំខាន់ជាងគេ គឺការធ្វើបុណ្យ ធ្វើទាន និងជួបជុំក្រុមគ្រួសារ សាច់ញាតិ ដែលខានជួបគ្នាយូរ ដោយសារម្នាក់ៗមមាញឹកការងាររៀងៗខ្លួន។
ស្រដៀងគ្នានេះ កម្មការិនី ឈៀង រៀម មានស្រុកកំណើតនៅខេត្តកំពង់ចាម និងកម្មករ ផាក សុភិក្ត មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំ បាននិយាយដោយទឹកមុខញញឹមថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដែលបានទៅលេងស្រុកកំណើត ព្រោះបានទៅលេងឪពុកម្តាយ បងប្អូន និងមិត្តភ័ក្តិ ដែលខកខានជួបជុំគ្នាយ៉ាងយូរ ដោយសារជាប់រវល់ការងារ។ ពួកគាត់ បានលើកឡើងថា ការរស់នៅក្រុងភ្នំពេញសព្វថ្ងៃនេះ ពិតជារវល់ និងមមាញឹកច្រើនក្នុងការបំពេញការងារ ដូច្នេះមិនសូវមានពេលទៅលេងស្រុកឡើយ លុះត្រាតែមានបុណ្យទាន ឬបុណ្យជាតិធំៗទើបអាចធ្វើដំណើរទៅបាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិតត្រូវទទួលបានឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឱ្យតែពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម ប្រជាពលរដ្ឋចំណាកស្រុករស់នៅភ្នំពេញ ក៏ដូចជាកម្មករ កម្មការនីជាច្រើនសិបនាក់ តែងតែធ្វើដំណើរចេញ ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិនៅស្រុកកំណើតរៀងៗខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន