ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ គឺជាការការពារពួកគាត់ឱ្យរួចផុតពីបញ្ហាប្រឈមផ្លូវច្បាប់
បាត់ដំបង៖ អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងច្បាស់អំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាការផ្តល់ការការពារ និងជួយឱ្យពួកគេអាចចៀសផុតពីការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់។ ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចខ្លួនដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ហើយមិនត្រូវប្រើសិទ្ធិសេរីភាពហួសពីព្រំដែនច្បាប់កំណត់ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ឬបង្កមហន្តរាយដល់សន្តិសុខជាតិឡើយ។

តាមរយៈបទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដោយបានគូសបញ្ជាក់ថាមន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវបន្តផ្តល់ការតម្រង់ទិសជាប្រចាំលើការប្រតិបត្តិក្រមសីលធម៌ដល់អ្នកសារព័ត៌មានទាំងប្រពៃណី និងទំនើប ដែលកំពុងអនុវត្តការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈត្រូវបន្តយកចិត្តទុកដាក់ចំពោះបញ្ហានានា ដែលមួយផ្នែក បានកើតឡើងបណ្តាលមកពីសកម្មភាពផ្ទុយក្រមសីលធម៌វិជ្ជាជីវៈ និងការប្រព្រឹត្តហួសបន្ទាត់ដែលច្បាប់កំណត់របស់អ្នកសារព័ត៌មាន។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា៖ «ការប្រឈមនឹងការប្តឹងផ្តល់ ឬបញ្ហាផ្លូវច្បាប់របស់អ្នកសារព័ត៌មាន គឺដោយសារអ្នកសារព័ត៌មានពុំបានយល់ច្បាស់អំពីច្បាប់ អំពីព្រំដែននៃសិទ្ធិសេរីភាពរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន»។ ក្នុងន័យនេះ ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យគិតគូររៀបចំការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងបន្តផ្សព្វផ្សាយជាប្រចាំអំពីសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេទទួលបានការយល់ដឹងគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ មន្ទីរត្រូវយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលអ្នកសារព័ត៌មានជួបប្រទះ ក្នុងពេលពួកគេអនុវត្តការងារតាមបណ្តារាជធានី-ខេត្ត។

សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានវិញ ទាំងប្រពៃណី និងទំនើប ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍រំលឹកជាថ្មី ថាអ្នកសារព័ត៌មានត្រូវរាយការណ៍ព័ត៌មានរបស់ខ្លួនដោយផ្សារភ្ជាប់សិទ្ធិ កាតព្វកិច្ច ជាមួយការទទួលខុសត្រូវសង្គម ផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អ្នកសារព័ត៌មាន មានសិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានា ដោយសេរី ប៉ុន្តែក៏ត្រូវមានកាតព្វកិច្ចគោរពសិទ្ធិបុគ្គល ក្រមសីលធម៌ និងគោលការណ៍ច្បាប់ជាធរមានផងដែរ។
ក្រសួងព័ត៌មានបន្តធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា អភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ធានាសន្តិសុខព័ត៌មាន និងលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា៖ «ខ្ញុំចង់ឃើញអ្នកសារព័ត៌មានទាំងអស់គោរពតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានប្រត្យក្ស ត្រឹមត្រូវ។ ដូច្នេះសូមអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មាន ទាំងបែបប្រពៃណី និងទំនើប ស្វែងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព ហើយអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និង រាយការណ៍ព័ត៌មានដោយ អនុលោមតាមក្របខណ្ឌដែលកំណត់ដោយច្បាប់»៕
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព