ព័ត៌មាន
កម្ពុជាបន្តសម្ដែងការព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយមិនពិតរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងទីតាំងចំនួន១៧ ដែលទង្វើនេះ បង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយ បន្តសម្ដែងការព្រួយបារម្ភចំពោះការផ្សព្វផ្សាយមិនពិតរបស់ភាគីថៃពាក់ព័ន្ធនឹងការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងទីតាំងចំនួន១៧ ដែលទង្វើនៃការផ្សព្វផ្សាយនេះបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។
តាមរយៈសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខ នឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិតថា ខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កើនផល អស់ជាច្រើនទសវត្សរ៍មកហើយនៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន។ ការណ៍នេះបានបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នា ដែលភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតី មិត្តភាព តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ និងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះទៅគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះ ហត្ថលេខាក្នុងឆ្នាំ២០០០ (MOU-2000)។
បើតាម ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមុនៗ ដើម្បីបញ្ចៀសសកម្មភាព ដែលអាចបង្កើនភាពតានតឹងឬពង្រីកតំបន់ជម្លោះ។ កម្ពុជាបាននឹងកំពុងអត់ធ្មត់ជាទីបំផុត និងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់តាមសេចក្ដីប្រាថ្នា ដែលភាគីទាំងពីរបានលើកឡើងដូចគ្នាថា នេះគឺជាពេលដែលទាំងសងខាងគួរតែរួមគ្នាខិតខំលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀត កសាងទំនុកចិត្តរវាង គ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ហេតុនេះវាមិនមែនជាកាយវិការស្ថាបនាទេ ដែលមានការបំផុសបញ្ហាដូចបានប្រកាសជាសាធារណៈ ដោយកងទ័ពជើងទឹកថៃ ដែលបញ្ហានេះត្រូវបានដោះស្រាយសមស្របរួចហើយ ជាមួយនឹងការប្រាស្រ័យទាក់ទងគ្នាចុងក្រោយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃលើកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន គោក ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទ ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាគោលជំហររបស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការ ប្រើកម្លាំងនោះទេ៕



-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប