Connect with us

ព័ត៌មាន

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការជឿជាក់លើថ្នាក់ដឹកនាំ និងសាមគ្គីជាតិជាធ្លុងមួយ កម្ពុជានឹងទទួលជោគជ័យលើពួកឈ្លានពានទឹកដី

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការដោះស្រាយជម្លោះ នៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យរបស់កម្ពុជា គឺកម្ពុជាគោរពច្បាប់អន្តរជាតិ ស្រឡាញ់និងការពារសុខសន្តិភាព។ សន្តិភាពដែលកម្ពុជាចង់បាននោះមិនមែនសម្រាប់តែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ គឺសន្តិភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទំាងពីរ ក៏ដូចជាសន្តិភាពសម្រាប់សហគមន៍អាស៊ាននិងពិភពលោក ។

សម្តេចប្រធានរដ្ឋសភា ថែ្លងអំណរគុណនិងដឹងគុណជានិច្ចជូនវីរៈកងទ័ពទំាងអស់ ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិនិងមាតុភូមិ និងបានបួងសួងសូមវិញ្ញាណខក្ខន្ធយុទ្ធជនពលីជីវិតនៅក្នុងសមរភូមិ បានទៅទីកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវជូនពលរដ្ឋជនរួមជាតិទំាងអស់ជឿជាក់លើថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងការទូត។

សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថានៅក្នុងកាលៈទេសៈនេះ ចំណុចគន្លឹះគឺការរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពគ្នាដូចពាក្សស្លោកថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ដើម្បីយកប្រៀបនៅលើសមរភូមិការទូតអន្តរជាតិ ជាមួយនឹងសត្រូវឈ្លានពានដោយកុំជឿលើពួកអគតិមួយក្តាប់តូចដែលតែងតែនិយាយភួត កុហក ញុះញង់ ឱ្យបែកបាក់សាមគ្គីភាពជាតិ បំពេញមហិច្ឆតាទុច្ចរិតរបស់ខ្លួនយ៉ាងងប់ងុលនោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែកញ្ញាឆ្នាំ២០២៥។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកកោះធំ ដោយមានអ្នកចូលរួមប្រមាណ៣០០នាក់។

នៅក្នុងឱកាសនោះ សម្តេចបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនចំពោះសមាជិកសមាជិក ក្នុងអង្គពិធី ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ និង ខេត្តកណ្តាលទំាងមូល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំពុងខិតខំដោះស្រាយបញ្ហាជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា តាមគ្រប់មធ្យោបាយដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ សម្តេចបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជសិទ្ធិលើកិច្ចការកងទ័ព កិច្ចការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាទទួលបានប្រៀបឈ្នះទំាងសមរភូមិប្រយុទ្ធ និងសមរភូមិការទូត រហូតឈានទៅសម្រេចបានបទឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម ដូណាល់ ត្រំា ប្រធានាធិបតី សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលនិងដឹកនាំដោយ ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន និងដោយមានការគំាទ្រពីបណ្តាបរទេសជាមិត្តមានសាធារណរដ្ឋប្រជាមានិតចិនជាដើម។

បេសកកម្មការទូតសន្តិភាព របស់កម្ពុជា បានឮដល់អន្តរជាតិ តាមរយៈការងារកាទូតនិងការទូតសភា ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន ប្រទេសចិន កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ នៅក្នុងជំនួបដាច់ដោយឡែកនោះសម្តេចធិបតី បានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជា ដែលស្រឡញ់សន្តិភាព ការពារសន្តិភាព។ កម្ពុជាប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បទឈប់បាញ់ និងសូមពន្លឿនឱ្យបានឆាប់បំផុត ក្នុងការបង្កើតក្រុមសង្កេតការណ៍អាស៊ាន (AOT) ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកពីការ ថ្លែងសាររបស់សម្តេចផ្ទាល់ នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទសម៉ាឡេស៊ី ។ សម្តេចបានបញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ ដោយភាគីថៃបន្តបំពាន នឹងការចង់បានរបស់ពលរដ្ឋកម្ពុជា គឺសុខសន្តិភាព និងសុខដុមរមនាក្នុងសហគមន៍អាស៊ានទំាងមូល។ កម្ពុជាថ្កោលទោសចំពោះការអនុវត្តច្បាប់ព្រៃនិងអនុវត្តច្បាប់អាជ្ញាសឹក របស់រដ្ឋមួយ នៅក្រៅដែនដីរបស់ខ្លួនដែលជាការរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសមួយទៀត។

សាររបស់សម្តេចប្រធានរដ្ឋសភា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦នោះ ទទួលបានការគំាទ្រពេញយ៉ាងក្រៃលែងពីបណ្តាសភាសមាជិកអាយប៉ា និងសភាសង្កេតការណ៍អាយប៉ា។

សូមជម្រាបថា លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជួន ត្រូវបានតែងតំាងជាប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ។ នៅមុនបញ្ចប់ពិធីសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលនេះ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ក្រុមការងារនិងសមាជិកសមាជិកាគណបក្សទំាងអស់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន នៅក្នុងនោះតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្មនិងខ្លំាងក្លាឡើង ដើម្បីគណបក្សប្រជាជនកម្ពុជា ទទួលបានប្រៀបឈ្នះនៅក្នុងការបោះឆ្នោតខាងមុខៗទៀត ដោយសមាជិកទំាងអស់ ខិតខំបន្តកៀរគរសំឡេងគំាទ្រគណបក្ស តាមគោលការណ៍”រក្សាចាស់ ពង្រីកថ្មី ” និងថា“សមាជិកមួយរូប សន្លឹកឆ្នោតមួយសន្លឹក”។

សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់សមាជិកក្រុមការងារទំាងអស់បន្តពង្រឹងសាមគ្គីភាព និងត្រូវចុះជាប់ជាមួយពលរដ្ឋ ស្វែងយល់សុខទុក្ខ បញ្ហា និងសំណូមពររបស់ពលរដ្ឋហើយត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា ។ សម្តេចបានគូសបញ្ជាក់ថាក្នុងរយៈពេល៤៧ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន មិនដែលរត់ចោលឬ ទុកពលរដ្ឋចោលនោះឡើយ។ ជាងនេះទៅទៀតសម្តេចតេជោ តែងតែមានវត្តមានជានិច្ច នៅពេលប្រទេសជាតិនិងពលរដ្ឋជួបការលំបាកនោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia