ព័ត៌មាន
បារំាងប្រកាសថាខ្លួនតាមដានជម្លោះព្រំដែនកម្ពុជា និងថៃជាប្រចាំ ហើយគំាទ្រភាគីទាំងពីរដោះស្រាយគ្នាដោយសន្តិវិធី
ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អូលីវីយ៉េ រីឆាដ(OLIVER RICHARD) បានប្រកាសថា រដ្ឋាភិបាលបារាំង បានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និង ថៃ ប៉ុន្តែបារាំងសូមគាំទ្រផងដែរឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នាដោយសន្តិវិធី។

នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក អូលីវីយ៉េ រីឆាដ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបារំាងបានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា និងថៃជាប់ជាប្រចាំ ហើយបារំាងក៏គំាទ្រផងដែរ ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិជាដើមនោះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតីបារំាង ក៏ដូជាពលរដ្ឋបារំាង ដែលបានសម្តែងការព្រួយបារម្ភភា្លមៗនៅក្រោយការឈ្លានពានបានកើតមានឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភា បន្តថា ប្រធានាធិបតីបារំាង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) បានអបអរសាទរបទឈប់បាញ់ ដោយសង្ឃឹមថាជម្លោះនឹងត្រូវបានដោះស្រាយ ប៉ុន្តែមិនដូច្នេះទេភាគីថៃបានរំលោភបទឈប់បាញ់ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជាស្លូតត្រង់ម្តងហើយម្តងទៀត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងទៀតថាបញ្ហាព្រំដែនកម្ពុជា-ថៃមិនមែនជារឿងថ្មីទេ ពោលគឺវាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រទេសថៃ បដិសេធមិនប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម (Franco-Siamese) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ថៃប្រើប្រាស់ផែនទីឯកតោភាគី។
សម្តេចបានគូសបញ្ជាក់ទៀតថា កម្ពុជាប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាងជាមិត្តល្អ ហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនរបស់យើងទៅជាព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្តេចប្រធានរដ្ឋសភា បានប្រាប់ទៅឯកអគ្គរដ្ឋទូតបារាំងទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី អត់ធ្មត់ ដើម្បីការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋ ដោយសារកម្ពុជាស្គាល់នូវរស់ជាតិសង្រ្គាម ដូច្នេះមិនចង់ឱ្យពលរដ្ឋរងទុក្ខលំបាកជាថ្មីម្តងទៀតនោះទេ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងទៀតថា សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ជំហរពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងបណ្តាប្រទេសជាមិត្តនានារួចហើយ ដូច្នេះសមង្ឃឹមថាជម្លោះនេះ នឹងដោះស្រាយបានក្នុងពេលឆាប់ៗនេះ។

ដោយឡែកទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងបារំាងវិញ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម អូលីវីយ៉េ រីឆាដ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្រ្ត នៃប្រទេសទំាងពីរដែលមានតំាងពីយូរមកហើយ។ ឯកឧត្តមអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជានៅឆ្នាំ២០២៦ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប។ តាមរយៈដំណើរទស្សនកិច្ចនេះ បារំាងនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខាភិបាល ជាដើម។

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងមកកម្ពុជានេះ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជានឹងបង្ហាញពីឱកាសពិសេសមួយក្នុងការលើកកម្ពស់ភាពជាដៃគូរបស់យើងបន្ថែមទៀត និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្តេចបានកត់សម្គាល់ថាថ្នាក់ដឹកនាំប្រទេសទំាងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នាពេលកន្លងមក ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញទស្សនកិច្ចនៅបារំាង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទើបបានបំពេញទស្សនកិច្ចនៅបារំាង ហើយសម្តេចប្រធានរដ្ឋសភាផ្ទាល់ ក៏បានបំពេញទស្សនកិច្ចនៅបារំាងកាលពីឆ្នាំ២០២៤ផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ សម្តេច រដ្ឋសភាធិបតី ឃួន សុដារី ក៏បានឲ្យដឹងផងដែរថា នៅក្នុងខែតុលាខាងមុខនេះ សម្តេចរដ្ឋសភាធិបតី ក៏នឹងធ្វើទស្សនកិច្ចនៅបារំាងម្តងទៀត ដើម្បីចូលរួមវេទិកាអន្តរជាតិនិយាយអំពីសន្តិភាព តបការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាបារំាង។ សម្តេចរដ្ឋសភាធិបតី បានបន្តថា រដ្ឋសភាកម្ពុជា និងបារំាងបានចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា។ តាមរយៈអនុស្សរណៈនោះ រដ្ឋសភាបារាំងបានគំាទ្រដល់គម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជា ជាសភាឌីជីថល និងបានផ្តល់ឱកាសជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្លាស់ប្តូរបទពិសោធន៍ការងារ រយៈពេលខ្លីនៅរដ្ឋសភាបារំាង ផងដែរ៕




-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 day agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន3 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ