ព័ត៌មាន
កម្ពុជា-វៀតណាម គ្រោងបង្កើតឱ្យមានយន្តការកិច្ចសន្ទនារវាងរដ្ឋ និងឯកជនពង្រឹងការធ្វើធុរកិច្ច នៅកម្ពុជា
កម្ពុជា-វៀតណាម ពិភាក្សាលើគម្រោងបង្កើតឱ្យមានយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែក ក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសវិនិយោគវៀតណាម ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើ ទឹកដីកម្ពុជាបន្ថែមទៀត។
ឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងសហការី នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមអបអរសាទរខួបលើកទី៨០ នៃទិវា ឯករាជ្យជាតិ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ និងបានចាត់ទុកការចូលរួមនេះ ជាការផ្តល់កិត្តិយសដ៏ធំធេង និងបង្ហាញពីសក្ខីភាពដ៏រឹងមាំ នៃចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ក្នុងនាមជាអ្នកជិតខាងល្អ។
ឯកឧត្តឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជុំវិញការបំបែកកំណត់ត្រាការអនុម័ត ចំនួនគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ លទ្ធផលនេះ បានបង្ហាញ ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុក ចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែល អញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយរំពឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញបន្ថែម ទៀត នូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយឱ្យកាន់តែមានភាពល្អប្រសើរឡើង និងហុចផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជនពីគ្រប់បណ្តាប្រទេសជាមិត្ត សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុតជូនដល់វិនិយោគិន។ ជាមួយ គ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតឱ្យមានយន្តការ កិច្ចសន្ទនា រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-វៀតណាម សំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសវិនិយោគវៀតណាម ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា