Connect with us

ព័ត៌មាន

នគរបាលព្រហ្មទណ្ឌរាជធានី បង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា

នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើបង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា ក្រោយបង្ក្រាបបានជាបន្តបន្ទាប់ ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដង្កោ ខណ្ឌទួលគោក និង ខណ្ឌឫស្សីកែវ រយៈពេល ៤ថ្ងៃ គិតចាប់ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ២០២៦ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២២នាក់ ពាក់ព័ន្ធបទល្មើស៥ករណីផ្សេងគ្នា ក្នុងនោះមានសារធាតុញៀន ៤នាក់ ។

លោកវរសេនីយ៍ឯក ម៉ម សាវន បញ្ជាក់ឲ្យដឹងថា ការបង្ក្រាបបទល្មើសទាំង ០៥ករណី ឃាត់ជនសង្ស័យ ២២នាក់ ក្នុងនោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប ១ករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាន់កាប់អាវុធខុសច្បាប់ ( ដាវកែច្នៃ និង ដំបង) ឃាត់ ១១នាក់ បង្កឡើងដោយក្មេងទំនើងធីម សាលាបុណ្យដីតូច SLB DT ។ ខណ្ឌទួលគោក បង្ក្រាប ១ករណី លួចម៉ូតូ ឃាត់ ម្នាក់ , ខណ្ឌឫស្សីកែវ ១ ករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឃាត់ខ្លួន ៣នាក់ និងខណ្ឌដង្កោ ២ ករណី ហឹង្សាចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងធីម សាលាបុណ្យ ដីតូច SLB DT និង ក្រុមខ្លាំង JJT ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ។

ចំពោះជនសង្ស័យទាំង ២២នាក់នេះ និង វត្ថុតាងពាក់ព័ន្ធ ជំនាញការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ និង តាមបណ្តាខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ។ ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចជំនាញកំពុងតាមចាប់បន្តទៀត៕ អត្ថបទ ៖ តារាវុទ្ធី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia