ព័ត៌មាន
អាជ្ញាធរមីនអះអាងថា គម្រោងបោសសម្អាតមីនលើផ្ទៃដីជាង៤១គីឡូម៉ែត្រការ៉េ មិនស្ថិតនៅតំបន់ព្រំដែនជម្លោះកម្ពុជា-ថៃឡើយ
អាជ្ញាធរមីន បានបញ្ជាក់អះអាងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង៤១ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក និងខេត្ត ដែលបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ មិនមែនស្ថិតនៅតំបន់ព្រំ ដែនជម្លោះរវាងកម្ពុជា និងថៃនោះឡើយ ខណៈគម្រោងនេះ គឺមានផែនការយូរឆ្នាំមកហើយ។
យោងតាមផេកហ្វេសបុកផ្លូវការរបស់អាជ្ញាធរមីន ដែលបានបញ្ជាក់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥នេះ បានឲ្យដឹងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃទេ ដោយគម្រោងនេះគឺមានគោលបំណងតែមួយគត់គឺ បម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។
អាជ្ញាធរមីន បានបញ្ជាក់យ៉ាងច្បាស់ថា «សូមគោរពជម្រាបជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថា ថ្មីៗនេះគម្រោងបោសសម្អាតមីន ដែលអាជ្ញាធរមីន តាងនាមឱ្យរាជរដ្ឋាភិបាល ប្រគល់ជូនកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីមានមីនចំនួនជាង៤១ គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ។ គម្រោងបោសសម្អាតមីននេះ រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ ហើយមិនពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃទេ»។
អាជ្ញាធរមីន បានគូសបញ្ជាក់ទៀតថា គម្រោងបោសសម្អាតមីននេះ គាំទ្រដល់គោលបំណងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់ដីសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ការកសាងឡើងវិញនូវសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា និងដើម្បីអនាគតមួយកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជាយើង។ តាមរយៈផេកហ្វេសបុកផ្លូវការនេះអាជ្ញាធរមីនក៏បានបង្ហាញនូវសេចក្ដីរីករាយនិងសូមគោរពនូវឧត្តមគតិស្នេហាជាតិរបស់បងប្អូនប្រជាជនកម្ពុជាយើងផងដែរ។
សូមបញ្ជាក់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពីគម្រោងមូលនិធិរាជរដ្ឋាភិបាលកម្ពុជា ដែលការចុះហត្ថលេខានេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ពិធីចុះហត្ថលេខានេះនឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥លានដុល្លារសហអាមេរិក។
ក្រោយពីអាជ្ញាធរមីនចុះហត្ថលេខាលើគម្រោងនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរយល់ច្រឡំថា ជាគម្រោងបោសសម្អាតមីននៅតាមព្រំដែនជម្លោះជាមួយថៃ និងក៏ធ្វើឡើងក្រោយមានការស្នើសុំរបស់ភាគីថៃជាដើមនោះ។ យ៉ាងណាក៏ដោយអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងនេះគឺមានផែនការយូរឆ្នាំមកហើយ ដោយមិនស្ថិតនៅក្នុងតំបន់ជម្លោះជាថៃដូចការយល់ច្រឡំរបស់សាធារណៈជននោះឡើយ៕អត្ថបទបាន ចក់



-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន7 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន3 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ