ព័ត៌មាន
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រាប់អនុរដ្ឋមន្ដ្រីនៃទីស្ដីការរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី ពីបរិយាកាសអំណោយផល និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្ដីការអភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ តំណាងលោក Tan Sri Dr. Abang Zohari Tun Openg អភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្តីការអភិបាល (Premier) នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយលោកសន្ដិបណ្ឌិត បានលើកឡើងអំពី ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៨។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានេះ ជាឱកាសមួយដែលគណៈប្រតិភូអាចស្វែងយល់បានច្រើន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បើកចំហរជើងមេឃស្វាគមន៍រាល់វិនិយោគិនម៉ាឡេស៊ី។ ឯកឧត្តម បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពិសេសវិស័យកសិកម្ម តែកម្ពុជាមានបញ្ហានៅត្រង់កខ្វះខាតធនធានមនុស្ស និងបច្ចេកទេស ដូច្នេះហើយនេះជាឱកាសរបស់វិនិយោគិនម៉ាឡេស៊ី។
បន្ថែមពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាថ្មីម្ដងទៀត បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៉ី ពិសេសលោក Anwar Ibrahim ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់កម្ពុជា-ថៃ។
ក្នុងឱកាសនោះ លោក Datuk Dr. Abdul Rahman Junaidi បានថ្លែងអំណរគុណ លោកសន្ដិបណ្ឌិត នេត សាវឿន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។
លោកបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា គឺដើម្បីស្វែងរកឱកាសលើវិស័យពាណិជ្ជកម្ម វិនិយោគទុន ជាពិសេសលើវិស័យ ថាមពល (ឧស្ម័ន) និងកសិកម្ម, តភ្ជាប់កំពង់ផែ ផ្នែកសេដ្ឋកិច្ចដ៏ទៃទៀត និងម៉ាឡេស៊ី និងកម្ពុជាមានភាពស្រដៀងគ្នាច្រើន ដែលបង្កលក្ខណៈងាយស្រួលក្នុងការសហការគ្នាទៅវិញទៅមក។ លើសពីនេះ លោកបានបង្ហាញគម្រោងពង្រីកសាខា ធនាគារ AFFIN Bank នៅប្រទេសកម្ពុជា និងពង្រីកជើងហោះហើរត្រង់ពីរដ្ឋសារ៉ាវ៉ាក់ ជាមួយ Air Borneo នៅប្រទេសកម្ពុជា នាឆ្នាំក្រោយ កំឡុងពាក់កណ្តាល ឬឆមាសទី៣ ឆ្នាំ២០២៦។
ប្រធានគណៈប្រតិភូ បានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីដែរថា ក្នុងអំឡុងពេលមកដល់ប្រទេសកម្ពុជា លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នចំនួន៤ រួមមាន ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម, ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីស្វែងរកឱកាស និងស្វែងយល់អំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ អាចបង្កើនទំនាក់ទំនង និងសិក្សាបន្ថែម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ហើយស្របពេល លោកអញ្ជើញទៅកំពតនៅថ្ងៃស្អែក លោកសន្ដិបណ្ឌិត បានលើកឡើងនូវចំណុច២សំខាន់ៗ នៅក្នុងខេត្តកំពតគឺ គឺទី១៖ ចម្ការម្រេច ដែលផលិតផលម្រេចរបស់កម្ពុជាល្បីដល់ប៉ែកអឺរ៉ុប ជាពិសេសប្រទេសបារាំង ដែលជាទីផ្សារធំមួយ និងទី២៖ ធុរ៉េនកំពត ដែលមានរសជាតិឆ្ងាញ់។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណដល់អនុរដ្ឋមន្ត្រី ចំពោះការអញ្ជើញលោក ទៅបំពេញទស្សនកិច្ចនៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ហើយលោកសន្តិបណ្ឌិត នឹងពិនិត្យមើលកាលវិភាគជាក់ស្ដែងតាមក្រោយទៀត៕






-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន23 hours agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន3 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ