ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ រំលឹកពីវិធានការសំខាន់ៗ១១ចំណុច ដើម្បីជួយបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យមានការងារធ្វើ និងគាំពារពលករ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជួយដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ដើម្បីឱ្យពួកគាត់មានការងារធ្វើក្នុងស្រុក។ ការដាក់ចេញនូវវិធានការទាំងនោះ បានទទួលលទ្ធផលជាបន្តបន្ទាប់ ដោយមានបងប្អូនពលករជាច្រើនរាប់សែននាក់ បានទទួលការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី៨ ខែតុលានេះថា ចាប់តាំងពីបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញវិធានការ និងយន្ដការសំខាន់ៗចំនួន១១ចំណុច ដែលរួមមាន៖
១. ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពី ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។
២. ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក។
៣. ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២។
៤. សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ។
៥. លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។
៦. សេចក្តីជូនដំណឹង ស្តីពី អំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៧. សេចក្តីជូនដំណឹង ស្តីពី ការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការ ចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
៨. សេចក្តីណែនាំ ស្តីពី ការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
៩. ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ។
១០. វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិក ដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
១១. យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងបន្ថែមថា នៅក្នុងខែតុលានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បាននិងកំពុងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដែលរួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ។
លោកបានបន្ថែមថា វិធានការទាំងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយរកការងារធ្វើ និងផ្តល់កិច្ចគាំពារផ្សេងៗដល់ប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកកម្ពុជាវិញ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា «ការដាក់ចេញនូវវិធានការជាច្រើននេះ គឺបានបង្ហាញពីគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណាជួយពលករដែលមកពីថៃរកការងារធ្វើឱ្យបាន»។
លោក ស៊ុន មេសា បានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តប្តេជ្ញាចិត្តខ្ពង់ក្នុងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយស្វែងរកការងារជូនដល់បងប្អូនពលករត្រឡប់មកពីប្រទេសថៃ និងបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយលេខ ១២៩៧ ឬជួយចុះឈ្មោះចូលធ្វើការជូនបងប្អូនពលករ តាមរយៈតេឡេក្រាមរបស់ក្រសួង៕





-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង