ព័ត៌មាន
សហជីពនៅកម្ពុជា៖ អនុសាសន៍របស់សង្គមស៊ីវិលមួយចំនួនលើរឿងពលករមកពីថៃ គឺគ្រាន់តែជាការស្រែកឱ្យតែឮ ព្រោះរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយ និងស្នើឱ្យសង្គមស៊ីវិលផ្សព្វផ្សាយ១២៩៧ បើចង់ជួយពលករមែននោះ
ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានមើលឃើញថា សេចក្តីថ្លែងការរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលនិយាយពីពលករ គឺគ្រាន់តែជាការស្រែកឱ្យតែឮ ព្រោះរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយក្នុងការជួយរកការងារធ្វើ និងការផ្តល់ការគាំពារដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ហើយសង្កត់ធ្ងន់ថា ប្រសិនបើសង្គមស៊ីវិលពិតជាចង់ជួយពលករមកពីប្រទេសថៃមែននោះ គឺគួរណាស់ចូលរួមផ្សព្វផ្សាយពីយន្តការរកការងារធ្វើរបស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការ ដែលមានដូចជាប្រព័ន្ធ HOTLINE ១២៩៧វិញ ទើបជាការជួយពិតប្រាកដ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអះអាងថា សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលហាក់ដូចជាមិនបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការជួយដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
លោកសង្កត់ធ្ងន់ថា៖“ខ្ញុំបានមើលឃើញថា កិច្ចការទាំងអស់នេះត្រូវបានក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ពលករមកពីប្រទេសថៃឱ្យទទួលបានការងារជាង៣០ម៉ឺននាក់។ ដូចនេះ សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល គឺគ្រាន់តែជាការបង្កើតសាច់រឿង និងបង្កើតឱ្យមានការផ្សព្វផ្សាយក្នុងចេតនាទម្លាក់បញ្ហាមកក្រសួង និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ហើយរដ្ឋាភិបាលក៏កំពុងបន្តធ្វើយ៉ាងស្វាហាប់បន្ថែម”។
លោកថា ប្រសិនបើសង្គមស៊ីវិល ពិតជាចង់បង្ហាញពីសមានចិត្តជួយសង្គមជាតិ ឬពលករដោយពិតប្រាកដនោះ គួរណាតែជួយផ្សព្វផ្សាយ និងជួយពន្យល់ដល់ពលករអំពីលេខ Call Center ១២៩៧ របស់ក្រសួងដែលកំពុងរង់ចាំជួយពលករវិញទើបជាការជួយពិតប្រាកដ។
ជាមួយគ្នានេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានមើលឃើញដូចគ្នាថា សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើរួចហើយប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពផងដែរក្នុងការជួយបងប្អូនពលករដែលទើបមកពីប្រទេសថៃ។
លោក គឹម ចាន់សំណាង សង្កត់ធ្ងន់ថា៖“ប្រសិនបើចង់ជួយដល់ពលករពិតប្រាកដមែននោះគឺត្រូវជួយផ្សព្វផ្សាយ Call Center ១២៩៧ សម្រាប់ប្រជាពលករ និងពលរដ្ឋស្វែងរកការងារ ហើយសង្ឃឹមថា សង្គមស៊ីវិលគួរពិចារណាវិធីសាស្ត្រក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីជួយពលករវិញប្រសើរជាង”។
សូមបញ្ជាក់ថា ការប្រតិកម្មរបស់ក្រុមសហជីពនៅកម្ពុជានេះគឺធ្វើឡើងក្រោយពេលសង្គមស៊ីវិលចំនួន១៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍ដោយផ្តល់អនុសាសន៍ចំនួន៥ចំណុចមកកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយពលករដែលទើបមកពីប្រទេសថៃ ខណៈដែលសង្គមស៊ីវិលហ៊ានអះអាងថា អនុសាសន៍ទាំងនោះគឺជាអនុសាសន៍ស្រមោល ហើយជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយដើម្បីជួយពលករ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព