ព័ត៌មាន
កម្ពុជាអំពាវនាវឱ្យ អ្នករាយការណ៍សិទ្ធិមនុស្ស បង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលអនុម័តសេចក្តីសម្រេច ស្តីពី សេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា ដោយបានអំពាវនាវឱ្យ អ្នករាយការណ៍សិទ្ធិមនុស្ស បង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន។
ជុំវិញជម្លោះប្រដាប់អាវុធដែលកំពុងបន្តជាមួយប្រទេសថៃ ឯកឧត្តម ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា កាតព្វកិច្ចរបស់អ្នករាយការណ៍មិនអាចបញ្ចប់ត្រឹមតែរបាយការណ៍នោះទេ គឺទាមទារភាពក្លាហានខាងសីលធម៌ ដើម្បីប្រឈមមុខនឹងការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ជនស៊ីវិលកម្ពុជា និងទាហានដែលត្រូវបានចាប់ខ្លួន។ សកម្មភាពបង្ខំឱ្យផ្លាស់ទីលំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំ មិនមែនជារឿងអរូបីទេ ប៉ុន្តែជារបួសរស់នៅធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងមនសិការរបស់ក្រុមប្រឹក្សា។ ឯកឧត្តម ឯកអគ្គរាជទូតបានព្រមានថា ការនៅស្ងៀមចំពោះទុក្ខវេទនាបែបនេះ «មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែការបោះបង់តួនាទី ពោលគឺជាការស្ងៀមស្ងាត់ដែលបំផ្លាញភាពមិនលំអៀង ឯករាជ្យភាព និងសុចរិតភាពនៃអ្នកកាន់អណ្តត្តិ»។
ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ការចូលរួមប្រកបដោយភាពស្ថាបនា និងភាពជាអ្នកដឹកនាំគំរូក្នុងនាមជាអ្នកតាក់តែងសេចក្តីសម្រេច ដោយបានកត់សម្គាល់ថា ការអត់ធ្មត់ យុត្តិធម៌ និងការស្វែងរកការឯកភាពរបស់ជប៉ុន ជាថ្មីម្តងទៀតបានបង្កប់នូវខ្លឹមសារនៃពហុភាគីនិយម និងការទូតសហប្រតិបត្តិការ ដែលទ្រទ្រង់នូវសុចរិតភាព និងភាពជឿជាក់នៃក្រុមប្រឹក្សានេះ។
ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់បន្ថែមថា អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ដែលកម្ពុជាបានចូលរួមដោយបើកចំហ និងជាប់លាប់ជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសប្រាំពីររូបជាបន្តបន្ទាប់ ដោយបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការនេះគឺជាការប្តេជ្ញាចិត្ត មិនមែនជាសម្បទាននោះទេ។ អាណត្តិរបស់អ្នករាយការណ៍ត្រូវជួយ មិនចោទប្រកាន់ ត្រូវចូលរួម មិនមែនប្រឆាំង និងត្រូវណែនាំ មិនមែនវិនិច្ឆ័យទេ ហើយភាពជឿជាក់ស្ថិតនៅលើយុត្តិធម៌ ភាពត្រឹមត្រូវ និងការគោរពចំពោះបរិបទ៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព