ព័ត៌មាន
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» ពីទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលនេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា កងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ ខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម ប៉ែន បូណា បានបញ្ជាក់ថា សកម្មភាពរាវមីននេះត្រូវបានកងពលតូចថ្មើរជើងនៃយោធភូមិភាគទី៥កម្ពុជា ស្នើឱ្យផ្អាក ដើម្បីរង់ចាំការបង្កើតនីតិវិធីប្រតិបត្តិ SOP រវាងភាគីទាំងពីរ ប៉ុន្តែភាគីថៃនៅតែបំពាន។ សកម្មភាពរំលោភបំពាន នេះទៀតសោត ត្រូវបានកត់ត្រាដោយក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដែលមានវត្តមាននៅទីនោះ។ សកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ ៤ចំណុច៖
ទី១. រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីទាំងពីរបានឯកភាពលើបទឈប់បាញ់ភ្លាមៗដោយ ឥតលក្ខខណ្ឌ (ចំណុចទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ធ្វើនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) ដែលមានន័យថា ភាគីទាំងសងខាងត្រូវរក្សាទីតាំងដែលខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។
ទី២. រំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវរក្សាកម្លាំងទ័ព នៅទីតាំងដើមដែលខ្លួនកាន់កាប់ គិតត្រឹមពេលបទឈប់បាញ់ចូលជាធរមាន ដោយមិនត្រូវមានចល័តកងកម្លាំង ដោយរួមទាំងការល្បាតផង សំដៅទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត (ចំណុចទី២ នៃ GBC)។ ភាគីទាំងពីរ មិនត្រូវប្រើប្រាស់កងកម្លាំងគ្រប់ប្រភេទដែលនាំឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិល (ចំណុចទី៥ នៃ GBC)។ ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទរួមបញ្ចូលទាំង សកម្មភាពបង្កហេតុរបស់ទាហាន ឬប្រជាជនដែលអាចនាំឱ្យមានភាពតានតឹង ដូចជា សម្ដីអុជអាល និងសកម្មភាព របស់ទាហានដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាន នៅវេលាម៉ោង ១២ កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ទី៣. រំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី២ មាត្រា៤ នៃ MoU ឆ្នាំ២០០០ ចែងថា «នៅពេលបញ្ចប់ការវាស់វែង និងខណ្ឌសីមាព្រំដែនតំបន់ (Sector) នីមួយៗ អនុស្សរណៈនៃការយោគយល់គ្ន មួយនឹងត្រូវចុះហត្ថលេខា ដោយសហប្រធាននៃគណៈកម្មការចម្រុះព្រំដែន។ ផែនទីដែលបង្ហាញពីតំបន់ (Sector) ដែលបានបញ្ចប់ការងារវាស់វែងនិងខណ្ឌសីមាព្រំដែន ត្រូវចុះហត្ថលេខានិងភ្ជាប់ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នានេះ»។
ទី៤. រំលោភលើគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ សិទ្ធិក្នុងការទទួលបានលំនៅឋាន និងជីវភាពសមរម្យ (មាត្រា ២៥ សេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងមាត្រា ១១ (១) កតិកាសញ្ញ អន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌) និងសិទ្ធិលើកម្មសិទ្ធិ (មាត្រា ១៧ សេចក្តីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស) ដែលហាមការបណ្ដេញជនស៊ីវិលចេញពីផ្ទះសម្បែងដោយបង្ខំ ក្នុងបរិបទនៃជម្លោះប្រដាប់អាវុធ អន្តរជាតិ (មាត្រា ៤៩ នៃអនុសញ្ញាទី៤ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងវិធាន ១២៩ (ក) នៃច្បាប់ទំនៀមទម្លាប់ មនុស្សធម៌អន្តរជាតិ)។
ឯកឧត្ដម ប៉ែន បូណា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់ អាជ្ញាធរថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនអាចទទួលយកបាន ជាពិសេសការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យជាតិកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សា ទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់ មនុស្សធម៌អន្តរជាតិជាធរមាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះអំពើរំលោភបំពាន របស់ភាគីថៃនិងចាត់វិធានការចាំបាច់បំផុតដើម្បីបង្ខំឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពឈ្លានពានយ៉ាងគឃ្លីន បែបនេះតទៅទៀត មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ ក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕








-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប