ព័ត៌មាន
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា បានចេញមុខថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអាជ្ញាធរថៃ ដែលប្រដាប់ ដោយអាវុធ បានចូលមកឈូសឆាយធីធ្លី ហ៊ុមព័ទ្ធផ្ទះសម្បែង និងធ្វើទុកបុកម្នេញដល់ពលរដ្ឋខ្មែរ នៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈទង្វើនេះត្រូវបានគេចាត់ទុកថា សុទ្ធតែជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
យោងតាមសេចក្តីថ្លែងការណ៍ថ្កោលទោស សកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំង ប្រដាប់អាវុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បាន លើកឡើងថា ទង្វើគឃ្លីនជាបន្តបន្ទាប់ឥតអៀនខ្មាសពីរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ជាការរំលោភគោលការណ៍កម្មសិទ្ធិក្នុងនីតិអន្តរជាតិ ខណៈទីតាំងដែលអាជ្ញាធរថៃធ្វើការ រំលោភបំពាននេះ គឺស្ថិតក្រោមការកាន់កាប់រស់នៅអាស្រ័យផល នៃពលរដ្ឋកម្ពុជាស្រស់ៗ តៗជំនាន់ តាំងពីកកើតសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧មកម្ល៉េះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងទៀតថា «សកម្មភាពថៃ បានចូលក្នុងធាតុផ្សំ នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាអាទិ៍ ការធ្វើទុក្ខបុកម្នេញ ការរុញច្រាន បណ្ដេញចេញដោយបង្ខំ ដែលជាផ្នែកមួយនៃការវាយប្រហារជាប្រព័ន្ធទៅលើប្រជាជនស៊ីវិល។ ជាងនេះទៅទៀត ការដាក់ឱសានវាទ ការគំរាមចាប់ខ្លួន ការរារាំងមិនឱ្យអាស្រ័យផលលើដីធ្លី ការហ៊ុមព័ទ្ធយកផ្ទះសំបែងកន្លងមក បូកទាំងការប្រើគ្រឿងចក្រឈូសឆាយ តាមវិធីសាស្ត្រយកច្បាប់អាជ្ញាសឹកថៃ អនុវត្តលើអធិបតេយ្យកម្ពុជា ទោះក្រោមហេតុផលណាក៏ដោយ គឺសុទ្ធតែជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ មិនត្រឹមតែប៉ុណ្ណោះសកម្មភាពទាំងនេះជាការបំពានទាំងស្រុងលើសមត្ថកិច្ចគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)ផងដែរ។ លើពិភពលោកនេះការវាតទីម្នាក់ឯង រួចកំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់ គឺមិនអាចទទួលយកបានឡើយ ដែលនេះគឺជាឧក្រិដ្ឋកម្ម ឈ្លានពានយ៉ាងពិតប្រាកដ។
ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃកម្ពុជា ក៏បានប្រាប់ទៅក្រសួងមហាផ្ទៃថៃ រដ្ឋបាលដែនដីខេត្តស្រះកែវ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ដូចដែលមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិ បានឃើញយ៉ាងច្បាស់ក្រឡែតជាបន្តបន្ទាប់ និងត្រូវតែមានស្មារតីភ្ញាក់រលឹកបោះបង់ចោលឱ្យអស់ទៅនូវរាល់ផែនការជាប្រព័ន្ធ ដែលចង់តែបំផ្លិចបំផ្លាញបទឈប់បាញ់ដែលភាគីទាំងពីរ និងមិត្តភក្តិបរទេសបានចូលរួមបង្កើត ឡើងយ៉ាងលំបាកនោះ។
យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃកម្ពុជា បានបន្តអំពាវនាវសហគមន៍អន្តរជាតិ មិត្តក្នុងអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ និងចូលរួមគាំទ្រការអនុវត្តតាមច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាព គា្នទៅវិញទៅមករវាងកម្ពុជា និងថៃ។ ការរួមចំណែកនេះ មិនមែនមានកម្មវត្ថុជួយតែប្រទេសកម្ពុជា ដែលហែលឆ្លងកាត់សោកនាដកម្មនៃភ្លើងសង្គ្រាមដ៏កម្សត់ពីអតីតកាលនោះទេ ក៏ប៉ុន្តែក៏ដើម្បីបុព្វហេតុរួមនៃ មនុស្សជាតិ គឺការចង់បាននិងថែរក្សាសន្តិភាព ស្ថិរភាព ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ស្របតាម គោលការណ៍សណ្ដាប់ធ្នាប់ពិភពលោកផងដែរ៕អត្ថបទ បានចក់








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព