ព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញ UN ចុះមកសង្កតការណ៍ព្រំដែនផ្ទាល់
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើ លិខិត ជូនចំពោះ ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្នុងកម្មវត្ថុ៖ ញត្តិបន្ទាន់ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ ព្រមទាំងបាន អញ្ជើញឯកឧត្តម ចុះមកសង្កតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជម្រាប Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពី ការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និង ប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ បានអះអាងថា កងយោធាថៃបានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗ ចាប់ពីម៉ោង ១០ និង ៤៤ នាទី រសៀល រហូតដល់ម៉ោង ១២ និង ៤ នាទី កណ្តាលអាធ្រាតុ និងបានបន្ត ចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ៣ និង ២២ នាទី រហូតដល់ម៉ោង ៣ និង ៥៣ នាទី ទាបភ្លឺ ដោយមានគោលបំណងរំខាននិងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។ សំឡេង ទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំងនិងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅ ក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និង បង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំង ជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង។ សកម្មភាពទាំងនេះ មិនគួរមានក្នុងសង្គមដែលមានអរិយធម៌ និងផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រកាន់ខ្ជាប់សន្តិភាព សិទ្ធិមនុស្ស និងការគោលរពអធិបតេយ្យភាពរគ្នាទៅវិញទៅមកក្នុងចំណោម ប្រជាជាតិទាំងអស់។
សកម្មភាពខាងលើ គឺជាការរំលោភ យ៉ាងធ្ងន់ធ្ងរនូវស្មារតីកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាង កម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងបណ្តាលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមមាន៖
– សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
– កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ
– កតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
– អនុសញ្ញាស្តីពីសិទ្ធិកុមារ
– អនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ
– អនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព
– អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ គ.ស.ម.ក. សូមគោរពស្នើសុំឯកឧត្តម៖
១. ផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់ អំពីការប្រើប្រាស់សំឡេងរំខាន ដោយកងទ័ពថៃ នៅ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បំពានច្បាប់សិទ្ធិមនុស្សនេះ។
និងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភ
២. អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាព ដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ជាពិសេសការប្រើប្រាស់សំឡេងរំខាននៅពេលយប់អាធ្រាតុ។
៣. ធានាការការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជនរងគ្រោះ រួម ទាំងស្ត្រី កុមារ និងមនុស្សចាស់។
៤. លើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីទប់ស្កាត់ការកើតឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងស្ដីពីបទ ឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ។
ជាមួយគ្នានេះ គ.ស.ម.ក. សូមគោរពអញ្ជើញឯកឧត្តម ចុះមកសង្កតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គ.ស.ម.ក. នឹងធានារ៉ាប់រងរាល់ការចំណាយ និងសម្របសម្រួលជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់។
បេសកកម្មនេះ នឹងអនុញ្ញតឱ្យ OHCHR ចុះសង្កេតការណ៍ដោយផ្ទាល់ អំពីស្ថានភាពនៅក្នុងតំបន់នោះ និងចូលរួមក្នុងការការពារសិទ្ធិមនុស្សនិងគោលការណ៍មនុស្សធម៌នៅនឹងកន្លែង។
គ.ស.ម.ក. បានបញ្ជាក់ថា សកម្មភាពគំរាមកំហែង ការយាយី ឬការប្រព្រឹត្តបបឃោរឃៅ អមនុស្សធម៌ និងបន្ទាបបន្ថោក ចំពោះប្រជាជនកម្ពុជា គឺមិនអាចទទួលយកបានឡើយ ទោះស្ថិតក្រោម កាលៈទេសៈណាក៏ដោយ។ ប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់ដោយឥតងាករេចំពោះសិទ្ធិមនុស្ស អធិបតេយ្យភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្តែសកម្មភាពដោយបំពាននិងយាយីមកលើប្រជាជន គឺមិនអាចលើកលែង ឱ្យបានឡើយ។ គ.ស.ម.ក. នៅតែប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងឯកឧត្តម ព្រមទាំងសហការី ឯកឧត្តម ក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិមនុស្សរបស់ប្រជាជនស្លូតត្រង់រស់នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ៕






-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា