ព័ត៌មាន
កាកបាទក្រហមកម្ពុជា រត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម២០២៥
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ«រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ» ដែលមានអ្នកចុះឈ្មោះចូលរួមប្រកួតប្រមាណជិត៨០០នាក់ ។

កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនាសួនច្បារជិតសណ្ឋាគារសុខាភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីនៃទីស្នាក់ការកណ្តាល តំណាងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ យុវជនកាកបាទក្រហមកម្ពុជា និងអ្នកចូលរួមប្រកួតប្រមាណជិត៨០០នាក់។
គោលបំណងនៃការប្រារព្ធពិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សហគមន៍លើការអនុវត្តសង្គ្រោះបឋមអាយុជីវិត និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងការកៀរគរមូលនិធិដើម្បីគាំទ្រសេវាកម្មមនុស្សធម៌ និងកម្មវិធីកសាងភាពធន់។ លើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អ បង្កើនការយល់ដឹងជា សាធារណៈអំពីការឆ្លើយតបគ្រាមានអាសន្ន និងបង្កើនធនធានដើម្បីពង្រឹងសមត្ថភាពក្នុងសហគមន៍ក្នុងការត្រៀមរៀប បង្ការ ឆ្លើយតបគ្រោះមហន្តរាយ(ទឹកជំនន់ ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន និងអន្តរាគមន៍ផ្នែកសុខភាព។ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹងសង្គ្រោះបឋម និងការប្រែប្រួលអាកាសធាតុ។ លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក និងអ្នកចូលចិត្តកីឡាគ្រប់វ័យ ឱ្យឆ្លងកាត់វគ្គបណ្តុះបណ្តាល បច្ចេកទេសសង្គ្រោះ បឋម និងបច្ចេកទេសធ្វើ CPR។ លើកកម្ពស់ឱ្យបានទូលំទូលាយ និងផ្តល់លទ្ធភាពប្រើប្រាស់ម៉ាស៊ីនឆក់បេះដូងខាងក្រៅដោយស្វ័យប្រវត្តិ (AEDs) នៅ ក្នុងកន្លែងកីឡា។ លើកទឹកចិត្តយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាឱ្យចូលរួមក្នុងសកម្មភាពសង្គ្រោះបឋម និងការប្រែប្រួល អាកាសធាតុ និងជួយសង្គ្រោះជីវិតមនុស្សបានទាន់ពេល។

មានមតិបើកកម្មវិធី លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក ថ្វីបើលោកមិនបានអញ្ជើញមកចូលរួមជាមួយយើងទាំងអស់គ្នាក៏ដោយ ក៏ទឹកចិត្តនិងមនោសញ្ចេតនា នៅជាមួយយើងគ្រប់គ្នា និងជានិច្ចកាលឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា ឱ្យមានដំណើរការល្អ អាចឆ្លើយតប បានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋងាយរងគ្រោះដែលត្រូវការឱ្យជួយ។

លោកជំទាវ ជម្រាបជូនថា អត្ថន័យនៃទិវាដ៏មានសារៈសំខាន់នៃទិវាពិភពលោកសង្គ្រោះបឋម គឺជាទិវាដែលគ្រប់សមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅលើពិភពលោកត្រូវតែប្រារព្វឡើង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ នឹងទទួលស្គាល់ថា ជំនាញចំណេះដឹងវិជ្ជាសង្រ្គោះបឋមនេះ ជាជំនាញនិងចំណេះដឹងដ៏មានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះមនុស្សជាតិ ព្រោះការផ្តល់សេវាសង្គ្រោះបឋមជាទង្វើរបស់មនុស្សជាតិ ដែលផ្តល់អំណាចឱ្យយើងម្នាក់ៗ ក្នុងការជួយសង្គ្រោះជីវិត នៅពេលដែលមិនមានពេទ្យ ឬមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ដើម្បីអបអរ ទិវាពិភពលោក សង្គ្រោះបឋម ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា សូមលើកយកតែជំនាញ ធ្វើចលនាបេះដូងពីខាងក្រៅ(ស៊ីភីអរ) មួយមុខគត់ មកបង្ហាញអំពីបច្ចេកទេសជាក់ លាក់ ត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ភ្លាមៗ ដោយគាំងបេះដូង។ ទន្ទឹមនឹងនេះ គឺជាការលើកកម្ពស់សុខភាព និងពង្រឹងភាពធន់សហគមន៍ ព្រោះសុខភាពជាទ្រព្យសម្បត្តិ ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ មនុស្សម្នាក់ៗ បុគ្គលម្នាក់ៗ នៅលើពិភពលោក។ មានភាពធន់សហគមន៍ គឺមានន័យថា បុគ្គលម្នាក់ៗទទួលខុសត្រូវលើសុខភាពដោយខ្លួនឯង គឺការពារខ្លួន មិនឱ្យមានជំងឺមិនឆ្លង ដែលជាជំងឺអាចការពារបានដល់ទៅ ៨០% មានដូចជា៖ ជំងឺទឹកនោមផ្អែម, ជំងឺឡើងសម្ពាធឈាម និងជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺផ្លូវចិត្ត និងការញៀនគ្រឿងញៀន។ បន្ថែមលើនេះ ដើម្បីឱ្យមានភាពធន់សហគមន៍ គឺសហគមន៍មួយទទួលខុសត្រូវលើការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងសុខភាពផងដោយខ្លួនឯង ដោយចេះទុកដាក់ថែរក្សាបរិស្ថានស្អាត បរិស្ថានបៃតង ចេះទុកដាក់សំរាម ចេះចូលរួមកាត់បន្ថយ និងបញ្ចប់ការបំពុលដោយផ្លាស្ទិក ដោយចូលរួមយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង“ពន្លកបៃតង” ជាដើម។ល។ លើសពីនេះទៀត លោកជំទាវបានគូសបញ្ជាក់ថា ថ្ងៃនេះយើងជ្រើសយកមូលបទសន្តិភាព ព្រោះប្រជាជនកម្ពុជាគ្រប់រូបត្រូវការសន្តិភាពស្មើអាយុជីវិត សម្រាប់កម្ពុជាសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត កាន់តែមិនអាចខ្វះបានឡើយ កីឡារស់ក្នុងសន្តិភាព។ ដូចនេះ ការរត់នៅថ្ងៃនេះ គឺដើម្បីកាយសម្បទាផង លើកកម្ពស់ការចូលរួមការពារសន្តិភាពផង និងដើម្បីបរិស្ថានផង។

សូមបញ្ជាក់ អ្នករត់ដល់ទីមុនគេទទួលបានវត្ថុអនុស្សាវរីយ៍ពីកាកបាទក្រហមកម្ពុជា សម្រាប់ជ័យលាភីផ្នែកនារី គឺលេខ១ទទួលបានពានមាស១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់ កក្រក ១ និងថវិកា១០ម៉ឺនរៀល។ លេខ២ទទួលបានពានប្រាក់១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់ កក្រក ១ និងថវិកា១០ម៉ឺនរៀល។ និងលេខ៣ ទទួលបានពានសំរិទ្ធ១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់កក្រក ១ និងថវិកា១០ម៉ឺនរៀល។ ចំពោះជ័យលាភីផ្នែកបុរសគឺទទួលបានដូចជ័យលាភីនារីដែរ គឺលេខ១ ទទួលបានពានមាស១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់ កក្រក ១ និងថវិកា១០ម៉ឺនរៀល។ លេខ២ ទទួលបានពានប្រាក់១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់ កក្រក ១ និងថវិកា១០ម៉ឺនរៀល។ និងលេខ៣ ទទួលបានពានសំរិទ្ធ១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម១ ថង់កក្រក ១ និងថវិកា១០ម៉ឺនរៀល។
សូមរំលឹកផងដែរ ការរៀបចំទិវាពិភពលោកសង្គ្រោះបឋមឆ្នាំនេះ អាចប្រារព្ធទៅបាន អាស្រ័យដោយមានការឧបត្ថម្ភគាំទ្រពី ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB, ក្រុមហ៊ុន FUTURE FOCUS SOLUTIONS & PHARMA CO.,LTD , KOI Thé Cambodia (ខយ តេ កម្ពុជា) , TUBE COFFEE (ធ្យូបកាហ្វេ), ក្រុមហ៊ុនត្រូពិខេមហ្វ៊្រត អេនវេជីថេបល (ចេកពិសិទ្ធ), ក្រុមPOCARI SWEAT, ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), ទឹកបរិសុទ្ធឱរ៉ាល់, និងក្លឹបរត RUTT និងកិច្ចសហការពីអាជ្ញាធរខណ្ឌជ្រោយចង្វារ ដែលបានផ្តល់ទីកន្លែង រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និង អនាម័យ៕ អត្ថបទ: សំ ងីម








-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន18 hours agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន7 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន7 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស