ព័ត៌មាន
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
មន្ត្រីជាន់អង្គភាពស៊ីម៉ាក់បានស្នើ និងសំណូមពរដល់រដ្ឋាភិ បាលជប៉ុន តាមរយៈ JICA ដើម្បីបន្ដជួយគាំទ្រដល់វិស័យសកម្ម ភាពកំចាត់មីននៅកម្ពុជា ជាពិសេសគាំទ្រកម្ពុជាក្នុងការងារបោស សម្អាតមីនរយៈពេល៥ ឆ្នាំ ក្នុងអណត្តិស្នើសុំបន្តរអនុវត្តអនុសញ្ញាអន្ដរជាតិអូតាវ៉ាដល់ឆ្នាំ ២០៣០ ខាងមុខ។
ការស្នើបែបនេះខណៈ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់ និងក្រុមការងារអង្គភាព CMAC បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និយាយជារួមនិងនិយាយ ដោយឡែកសមិទ្ធផលដែលអង្គភាពCMACសម្រេចបាន។ ជាពិសេសក្នុងរយៈពេលជាង២៧ឆ្នាំ មកនេះ JICA បានផ្តល់ជូនរាជ រដ្ឋា ភិបាលកម្ពុជានូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រើនប្រភេទ រួមទាំងគ្រឿងចក្រកម្ទេចមីនធុនធ្ងន់មានចំនួនជាង៥០គ្រឿង ។
ឯកឧត្តម ហេង រតនា បានជម្រាបជូនឯកឧត្តមបណ្ឌិតអំពីប្រវត្តិសង្គ្រាមនៅកម្ពុជា បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដំណើរការនៃការកសាងសន្តិភាព ការអភិវឌ្ឍប្រទេសឡើងវិញក្រោយសង្គ្រាមត្រូវបានបញ្ចប់ ព្រមទាំងបានចែករំលែកបទពិសោធ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMACលើការងារបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសមន្ត្រីថ្នាក់ដឹកនាំ JICA គ្រប់ឋានានុក្រម ដែលតែងតែផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យសកម្មភាពកំចាត់មីនរបស់អង្គភាព CMAC ជាពិសេសការផ្ដល់ជំនួយគាំទ្រការកសាងអគារហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោសន្ដិភាពនៅខេត្តសៀមរាប សម្រាប់ដាក់បង្ហាញរូបភាពប្រវត្តិសាស្ត្រសង្គ្រាម ប្រវត្តិជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរំលឹកការចង ចាំនៃមរតកសង្គ្រាម និងតម្លៃមហាសាលនៃសន្តិភាព ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់CMAC ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្ដិភាពតាមរយៈការចែករំលែកបទពិសោធ និងជំនាញបច្ចេកទេសដល់បណ្ដាប្រទេសដែលរងគ្រោះដោយ សារសង្គ្រាមនៅជុំវិញពិភពលោក។ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសារមន្ទីរតេជោសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិ បាលជប៉ុន សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម និង ការកសាងសន្តិភាពតាមរយៈការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម។ បន្ថែមពីនេះឯកឧត្តម បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យបោស សម្អាតមីនជាមួយអ្នកជំនាញជប៉ុន ដូចជាម៉ាស៊ីនរាវមីនប្រភេទ ALIS ក៏ដូចជាការបញ្ញាសិប្បនិម្មិតជាដើម។ បន្ថែមពីនេះ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្ររបស់ JICAក្នុងការសហ ការជាមួយអង្គភាពCMAC ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបោស សម្អាតនៅតំបន់ដែលរងប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លើសពីនេះឯកឧត្តមមានការភ្ញាក់ផ្អើល និង បានកោតសរសើររាជ រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះគឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរអោយកត់សម្គាល់ ដូចជា ព្រលានយន្តហោះថ្មី និង ហេដ្ឋារចនាសម្ព័ន្ធនានា៕ អត្ថបទ៖ ភារម្យ


















-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប