ព័ត៌មាន
សម្តេចធិបតី ប្រាប់ទៅក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយជាការងារស្នូល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការណែនាំ ដល់គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយជាការងារស្នូល ហើយមួយវិញទៀតក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្ត ទុកដាក់លើកកម្ពស់សមត្ថភាព និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
តាមរយៈសារលិខិតក្នុងឱកាស«ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ»ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ក្រោមប្រធានបទ«ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រប់ភាគីទាំងអស់ត្រូវលើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធ ក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹងអំពីគ្រោះមហន្តរាយ។ «គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹង ធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពី ការប្រកាសឲ្យដឹងមុនសម្រាប់ ទាំងអស់គ្នា ឲ្យទទួលបានលទ្ធផលល្អ»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានរំលឹកដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ។ រាជធានី-ខេត្ត ត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងទឹកនៅមូលដ្ឋាន ដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។ ក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្ត ទុកដាក់លើកកម្ពស់សមត្ថភាព និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យលើកកម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដោយត្រៀមខ្លួនជាស្រេចទៅនឹងគ្រោះមហន្តរាយ។ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់ ដោយវិនិយោគវៃឆ្លាតលើលំនៅឋាន សហគមន៍ និងមុខរបរផងដែរ។តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ក្នុងស្ថានការណ៍បច្ចុប្បន្ន ពិភពលោកបាននិងកំពុងប្រឈមទៅនឹងវិបត្តិហានិភ័យជាច្រើន បង្កឡើងដោយ ធម្មជាតិនិងមនុស្ស ដូចជាការកើនឡើងកម្ដៅភពផែនដីដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយបង្កឱ្យមានជាគ្រោះមហន្តរាយធម្មជាតិ រួមមានទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ភ្លើងឆេះព្រៃ ជំងឺរាតត្បាត។ល។ មកលើប្រទេសជាច្រើន មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រឡើយ។ ជាមួយគ្នានេះសង្គ្រាម និងជម្លោះប្រដាប់អាវុធ នៅតំបន់មួយចំនួនក្នុងពិភពលោក ដែលជាគ្រោះមហន្តរាយដោយមនុស្ស បន្តវិវត្តលេចធ្លោឡើងប្រកបដោយ ភាពស្មុគស្មាញថែមទៀត។
ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្តេចធិបតី លើកឡើងថា ក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ ក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អ ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត អគ្គិភ័យ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀត បានបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។ ប៉ុន្តែទោះស្ថិតក្នុងកាលៈទេសៈណាក្តី រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការ ធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដីគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ផ្នែកសាធារណៈ ផ្នែកឯកជន សង្គមស៊ីវិល ធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយសង្គ្រោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាជនរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ជាពិសេសការឆ្លើយតបដោយបំពេញកិច្ចការមនុស្សធម៌ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលបង្កឡើងដោយ ជម្លោះនៅព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះជាដើម៕ អត្ថបទ បាន ចក់






-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង