ព័ត៌មាន
សម្តេចតេជោ ប្រាប់ប្រធាន JICA ថា ជំហររបស់កម្ពុជាគឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ
នៅវិមានព្រឹទ្ធសភា នារសៀល ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម TANAKA Akihiko និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីរីករាយដែលបានជួបឯកឧត្តមជាថ្មីម្ដងទៀតបន្ទាប់ពីបានជួបគ្នាកាលពី១០ឆ្នាំមុន នៅពេលដែលឯកឧត្តមបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធស្ពានមិត្តភាព កម្ពុជា-ជប៉ុន អ្នកលឿង កាលពីឆ្នាំ២០១៥។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តម
មកកាន់កម្ពុជាសារជាថ្មីនេះ នឹងបានឃើញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសតាមរយៈការជួយជ្រោមជ្រែងរបស់ជប៉ុនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
នៅក្នុងឱកាសនោះឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយឯកឧត្តមបានលើកឡើងថា ១០ឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះ ហាក់បីដូចជាលឿនណាស់។ ឯកឧត្តមក៏បានមើលឃើញពីការប្រែប្រួលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្តមបានសរសើរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែក ជាពិសេសការសហការជាមួយស៊ីម៉ាក់ក្នុងសកម្មភាពដោះមីននៅក្រៅប្រទេស រួមទាំងតួនាទីរបស់ JICA ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការសាងសង់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង, ការជួយកំពង់ផែស្វយ័តព្រះសីហនុ រួមទាំងផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ជាដើម។ល។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ចំពោះការចាប់អារម្មណ៍របស់ឯកឧត្តម នូវតួនាទីរបស់សម្ដេចកាលនៅជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោក៏បានមានប្រសាសន៍ អំពីតួនាទីរបស់ JICA ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា និយាយជារួមតួនាទីរបស់ជប៉ុនក្នុងការជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។ សម្ដេចតេជោបានបញ្ជាក់ថាភាពរីកចម្រើននៅកម្ពុជាមិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។
សម្ដេចតេជោបានចែករំលែកនូវទស្សនៈទានមួយចំនួនដែលជាចក្ខុវិស័យ និងរំលឹកអំពីស្ថានភាពប្រវត្តិសាស្ត្រ និងការតស៊ូរបស់សម្ដេចក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ រួមទាំងការនាំកម្ពុជាមករកសន្តិភាពនៅចុងឆ្នាំ១៩៩៨ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានជម្រាបជូនប្រធាន
JICA ពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលប្រទេសទាំងពីរគួរតែជំរុញបន្ថែមទៀត ក្នុងតួនាទីរបស់JICA ក្នុងការរួមចំណែកពង្រីកទំនាក់ទំនង នឹងទៅលើវិស័យសំខាន់ៗជាច្រើនទៀត រវាងកម្ពុជា និងជប៉ុន។
ឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍អំពីប្រវត្តិនៃការតស៊ូ នាំប្រទេសកម្ពុជាមករកសុខសន្តិភាព និងការរីកចម្រើន។ ឯកឧត្តមក៏បានរំលេចអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ដែល JICA នឹងធ្វើបន្ថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម TANAKA Akihiko និងសហការី ឱ្យបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យ៕





-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ