ព័ត៌មាន
កម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន
តាមរយៈជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ភាកីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្មហាឡាល់, វិស័យទេសចរណ៍ និងកសិកម្មជាដើម។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចធិបតីបង្ហាញការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។
តាមរយៈជំនួបនេះ សម្តេចធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីពិភាក្សាគ្នាជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ; វិស័យទេសចរណ៍ រួមទាំង ទេសចរណ៍វេជ្ជសាស្ត្រ; ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), កសិកម្ម, ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ សម្តេចបវរធិបតីបានលើកទឹកចិត្តស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចគម្រោងកិច្ចសហប្រតិបត្តិការខាងលើ។
ក្នុងឱកាសខាងលើ សម្តេចបវរធិបតី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព