ព័ត៌មាន
ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ដំណក់ឈាមជាអាយុជីវិតថ្មី ជាក្តីសង្ឃឹមសម្រាប់សង្គ្រោះជនរងគ្រោះ ឬអ្នកជំងឺដែលត្រូវការបន្ទាន់
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមលើកទី៥ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់”។ ពិធីនេះ សហការរៀបចំដោយ ស.ស.យ.ក. ក្រសួងផែនការ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលប្រារព្ធឡើងនៅសាលប្រជុំ ទីស្តីការក្រសួងផែនការ។
មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ស.ស.យ.ក. ក្រសួងផែនការ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងជាពិសេសមន្ត្រីរាជការដែលបានចូលរួមបរិច្ចាគឈាម ប្រកបដោយទឹកចិត្តសប្បុរស និងឆន្ទៈមនុស្សធម៌ដ៏បរិសុទ្ធ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីនេះ មិនមែនគ្រាន់តែជាយុទ្ធនាការបរិច្ចាគឈាមប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញនូវស្មារតីសាមគ្គីភាពជាតិដ៏ឧត្តុង្គឧត្តម ការផ្ដល់ក្តីស្រលាញ់ចំពោះជនរួមជាតិ សង្គ្រោះអាយុជីវិតជនរងគ្រោះដែលមានតម្រូវការឈាមបន្ទាន់ ជាពិសេសជាការយកចិត្តទុកដាក់ជាប់មិនដាច់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពសមរភូមិមុខ ដែលបាននិងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជាតិ ប្រកបដោយការលះបង់ដ៏ធំធេង។ មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកថា ការអភិវឌ្ឍប្រកបដោយចីរភាព ទាមទារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសុខមាលភាព ហើយការរួមចំណែកក្នុងកិច្ចការសុខភាពសាធារណៈ ជាពិសេសការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់នូវតម្រូវការឈាម ជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព គឺដើម្បីធានាថា ពេលមានជនរងគ្រោះដែលត្រូវការឈាមបន្ទាន់ ឬប្រឈមមុខខ្ពស់នឹងហានិភ័យអាយុជីវិតដូចជា វីរកងទ័ពការពារព្រំដែនដ៏អង់អាចក្លាហានរបស់យើង អាចទទួលបានការសង្គ្រោះទាន់ពេលវេលា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបន្ថែមថា ដំណក់ឈាមដែលបងប្អូនមន្ត្រីរាជការបរិច្ចាគនៅថ្ងៃនេះ នឹងក្លាយជាអាយុជីវិតថ្មី ជាក្តីសង្ឃឹមសម្រាប់សង្គ្រោះជនរងគ្រោះ ឬអ្នកជំងឺត្រូវការឈាមបន្ទាន់ ដោយមិនគិតអំពីការតបស្នង ដែលនេះបង្ហាញថា យើងទាំងអស់គ្នា គឺជាមហាគ្រួសារខ្មែរតែមួយ។ ការបរិច្ចាគឈាម មិនត្រឹមតែជាការងារមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែក្នុងករណីមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ការផ្គត់ផ្គង់ឈាមបន្ទាន់ និងគ្រប់គ្រាន់ គឺជាកត្តាកំណត់ជោគវាសនាអាយុជីវិតរបស់ជនរងគ្រោះ និងជាពិសេសការកាត់បន្ថយហានិភ័យកង្វះឈាមផ្គត់ផ្គង់ជូនបងប្អូនវីរកងទ័ពការពារព្រំដែន ដែលបានលះបង់កម្លាំងកាយចិត្ត និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន និងការការពារដែនអធិបតេយ្យភាពកម្ពុជា។ ក្រៅពីនេះ ការផ្គត់ផ្គង់ឈាមបន្ទាន់ និងគ្រប់គ្រាន់ ក៏ជាការត្រៀមបម្រុងទុកជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ននានាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះយុវជនខ្មែរ ជាពិសេសក្រោមឆ័ត្រ ស.ស.យ.ក. ដែលតែងបានចូលរួមរាល់សកម្មភាពនានាបម្រើដល់សង្គមជាតិ ប្រកបដោយស្មារតីស្នេហាជាតិ ឆន្ទៈមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់, និងបានលើកទឹកចិត្តដល់យុវជនទាំងអស់ បន្តធ្វើជាគំរូល្អ តាមរយៈការចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ តាមការស្ម័គ្រចិត្ត និងជួយផ្សព្វផ្សាយអំពើល្អនេះ ដល់មិត្តភក្តិបងប្អូនដែលនៅជុំវិញខ្លួន និងសហគមន៍ដែលខ្លួនរស់នៅ ឲ្យបានទូលំទូលាយ។














-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ