ព័ត៌មាន
កម្ពុជាថ្កោលទោសយោធាថៃបានបំផ្លាញខូចខាតទាំងស្រុងប្រាសាទតាក្របីរបស់កម្ពុជា ខណៈប្រាសាទនេះជានិមិត្តរូប នៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ
បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទ តាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបាន បំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។ នេះបើតាមសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា។
តាមសេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ គ.ស.ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និង ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាទីតាំង បុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនកម្ពុជា។ ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំដែលជាជម្រកដ៏សុខសាន្ត និងពុំទទួលរងការខូចខាតពីធម្មជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់ តែមួយពព្រិចភ្នែកដោយយោធាថៃ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តថ្កោលទោសចំពោះទង្វើអសីលធម៌មកលើវិស័យវប្បធម៌ដោយយោធាថៃ ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមកលើបេតិកភណ្ឌ ជាទង្វើអគតិនិងគ្មានអរិយធម៌ និងជាការបន្តមិនគោរពដល់អនុសញ្ញា នានានៃកិច្ចការពារបេតិកភណ្ឌ ដោយរួមទាំងអនុសញ្ញាឆ្នាំ១៩៥៤ និងឆ្នាំ១៩៧២។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តអំពាវនាវដល់បណ្តាប្រទេសលើសកលលោក អង្គការជំនាញអន្តរជាតិ ប្រជាជាតិលើពិភពលោក ចូលរួម ថ្កោលទោសទង្វើឧក្រិដ្ឋកម្មនេះ និងជំរុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវការបំផ្លិចបំផ្លាញវប្បធម៌ និងបញ្ឈប់ការ ឈ្លានពាន ដោយងាកមករកដំណោះស្រាយដោយសន្តិវិធី ជាពិសេសគោរពសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយប្រជាជនកម្ពុជាទាំងអស់សូមកាន់ទុក្ខចំពោះការខូចខាតទាំងស្រុង របស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះនៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃ។ ទោះជាប្រាសាទតាក្របីត្រូវបានបំផ្លាញស្ទើរអស់រូបរាង ប៉ុន្តែប្រាសាទនេះនៅតែឈរជានិមិត្តរូបនៃវប្បធម៌អរិយធម៌ខ្មែរ និងជាភស្តុតាងនៃសោកនាដកម្មវប្បធម៌ សម្រាប់បង្រៀនដល់ជនជំនាន់ក្រោយឱ្យរឹតតែស្រឡាញ់ការពារបេតិកភណ្ឌ និងទប់ស្កាត់ទង្វើឧក្រិដ្ឋកម្មនេះកុំឱ្យកើតមានជាថ្មីនៅគ្រប់ទីកន្លែងទាំងអស់របស់ពិភពលោក៕



-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន7 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន5 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន4 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត