ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បន្តស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានជាច្រើនខ្សែស្របនឹងគន្លឹះអាទិភាព នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពលរដ្ឋ
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើមស្ថាបនាផ្លូវចាក់បេតុង ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ហើយពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង បានជាច្រើនខ្សែនៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ ជាពិសេសនៅទីជនបទ។
ជាក់ស្តែងក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងអភិវឌ្ឍន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារលើកកម្រិតគុណភាព និងស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តស្វាយរៀង និងខេត្តតាកែវ រួមមាន៖
*គម្រោងទី១៖ ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ២ ៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ១កន្លែង លូមូលមុខបីចំនួន ១កន្លែង លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខមួយចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅពីភូមិស្វាយធំ ទៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង (គម្រោងលេខ DRR-NC-2025-No.058,103044)។
*គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស ទទឹងម្ខាងៗ ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិតាហុក ទៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (គម្រោងលេខ DRR-NC-2024-No.014) (បញ្ចប់សុពលភាព) អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១។
ក្នុងឱកាសតំណាងឯកឧត្ដមបណ្ឌិត ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ឯកឧត្ដមបានបន្តថា ទន្ទឹមនេះក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗគឺទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង, ទី២៖ លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាមរយៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០%, ទី៣៖ ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤៖ លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥៖ ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ជាមួយនេះ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមជួយសម្របសម្រួល ក្នុងការស្ថាបនាផ្លូវនេះឱ្យបានចប់តាមផែនការ ជាមួយនឹងការសូមយោគយល់ ពីការស្ថាបនានេះ នៅពេលមានការរំខានណាមួយ។ ព្រមទាំងស្នើទៅកាន់អាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ នូវការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត ហើយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង។
អាជ្ញាធរ និងប្រជាពលរដ្ឋដែលទទួលបានសមិទ្ធផលថ្មីនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ក្នុងមូលដ្ឋានរបស់ពួកគេដែលការអភិវឌ្ឍនេះ គឺត្រូវចំចំណុចត្រូវការជាចាំបាច់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាមួយនឹងការប្ដេជ្ញាចូលរួមធ្វើយ៉ាងណាឱ្យផ្លូវនេះដំណើរការស្ថាបនាដោយរលូន និងឆាប់បានប្រើប្រាស់ ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗបានស្រួល សុវត្ថិភាព និងឆាប់រហ័ស៕








-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ