Connect with us

ព័ត៌មាន

តើអាមេរិកអាចបញ្ចប់ជម្លោះនៅក្នុងពិភពលោក មុនខ្លួនធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក និងអូឡាំពិកបានទេ?

នៅសល់ជាងកន្លះឆ្នាំទៀត អាមេរិក កាណាដា និងម៉ិចស៊ិក ត្រូវធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក២០២៦ នឹងនៅសល់ជាងពីរឆ្នាំទៀត អាមេរិកតែឯងធ្វើម្ចាស់ផ្ទះអូឡាំពិករដូវក្ដៅ២០២៨ ខណៈជម្លោះឈ្លានពាន និងជម្លោះប្រដាប់អាវុធកំពុងបន្តកើតឡើងនៅតំបន់មួយចំនួនជុំវិញពិភពលោកក្នុងនោះក៏មានការឈ្លានពានរបស់ប្រទេសថៃមកលើព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក តាំងពីលោកក្លាយជាអ្នកកាច់ចង្កូចនាវាអាមេរិកជាលើកទី២សកម្មភាពមួយក្នុងចំណោមសកម្មភាពនយោបាយការបរទេសជាច្រើនរបស់លោកគឺការស្វែងរកសន្តិភាពសម្រាប់តំបន់ និងប្រទេសដែលមានជម្លោះ។

ស្របពេលជាមួយគ្នានេះ ក្នុងនាមម្ចាស់ផ្ទះរួម (កាណាដា ម៉ិចស៊ិក អាមេរិក)ការប្រកួតបាល់ទាត់ពិភពលោក២០២៦ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បានបង្ហាញការគាំទ្រពេញទំហឹង ហើយថ្មី ៗនេះ បានប្រគល់ពានរង្វាន់សន្តិភាពបាល់ទាត់ពិភពលោក (FIFA Peace Prize) ជូនប្រធានាធិបតីអាមេរិករូបនេះឆ្លើយតបនឹងកិច្ចខំប្រឹងប្រែងរបស់លោក។ ក្រៅពីនេះមេដឹកនាំប្រទេសមួយចំនួន និងប្រធានFIFA រួមទាំងកម្ពុជាផងក៏បានប្រកាសគាំទ្រលោកត្រាំឈ្នះពានរង្វាន់ណូបែលទៀតផង។

*កីឡាជាទូតនៃសន្តិភាព បាល់ទាត់បង្រូបបង្រួមពិភពលោក នេះជាអ្វីដែលអ្នកអូឡាំពិកអន្តរជាតិ កីឡាករ កីឡាការិនី តារាបាល់ទាត់គ្រប់រូបតែងតែលើកឡើងគ្រប់ៗគ្នា ។

មិនខុសគ្នាប៉ុន្មាននោះទេ លោកដូណាល់ត្រាំ គ្រប់វេទិកា តែងតែលើកឡើងពីការបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពជូនពិភពលោក។ នេះបង្ហាញថាអាមេរិកត្រូវការសន្តិភាព បដិសេដសង្គ្រាម។ ដូច្នោះហើយ វាមិនមែនជារឿងចៃដន្យនោះទេ ក៏ព្រោះតែអាមេរិកត្រូវធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំរបស់ភពផែនដី គឺការប្រកួតបាល់ទាត់ពិភពលោក២០២៦ និងកីឡាអូឡាំពិករដូវក្ដៅ២០២៨នៅឡូអេនជឺឡេស។

ប្រាកដណាស់ក្នុងនាមមហាអំណាចពិភពលោក (បងធំពិភពលោក)និងជាម្ចាស់ផ្ទះព្រឹត្តិការណ៍បួនឆ្នាំនេះផង អា​មេរិកមិនត្រូវការសង្គ្រាមនោះទេ អាមេរិក ចង់ឱ្យពិភពលោកទាំងមូលរួបរួមគ្នា សប្បាយទាំងអស់គ្នា រីករាយទាំងអស់គ្នា អបអរសាទរទាំងអស់គ្នាជាមួយកីឡាដ៏ស្រស់ស្អាតនេះ។

អាមេរិកទំនងជាមិនចង់ឃើញភាពលំបាកវេទនា ប្រជាជនត្រូវជម្លៀស កុមារមិនបានរៀនសូត្រ ឈាមត្រូវបង្ហូរ មនុស្សត្រូវស្លាប់ដោយសារសង្គ្រាមនៅចំពោះមុខ មុនខ្លួនធ្វើម្ចាស់ផ្ទះកីឡាដ៏ធំទាំងពីរនេះនោះទេ។ បើសិនអាមេរិកមិនអាចធ្វើបាន នោះអាមេរិកត្រូវបានគេមើលឃើញពីភាពកម្សោយ និងធ្វើឱ្យឥទ្ធិពលអាមេរិក សាប និងថយចុះជាក់ជាមិនខាន។

យើងអាចមើលដឹងពីមោទនភាពរបស់លោកត្រាំចំពោះកិច្ចការរបស់លោកក្នុងការស្វែងរកសន្តិភាព ហើយលោកលោកតែពោលថាខ្លួនជាអ្នកបង្កើតសន្តិភាព និងជួយជីវិតមនុស្សរាប់លាននាក់លើពិភពលោកតាម

រយៈការបញ្ចុះបញ្ចូល និងចរចារបញ្ចប់សង្គ្រាម ដូចជាជាក់ស្តែងជម្លោះរវាង រ៉វ៉ាន់ដា និងសាធារណរដ្ឋកុងហ្គោ (Rwanda and the Democratic Republic of the Congo) អ៊ីស្រាអែល និងក្រុមហាម៉ាស់ (Israel and Hamas) អ៊ីស្រាអែល និងអ៊ីរ៉ង់ (Israel and Iran) ឥណ្ឌា និងប៉ាគីស្ថាន (India and Pakistan) អាមេនី និងអាស៊ែបៃហ្សង់ (Armenia and Azerbaijan)​។ ក្រៅពីនេះលោក បានអនុម័តផែនការ២៨ចំណុចបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន (28-point plan for peace between Russia and Ukraine)។

និយាយដោយឡែក សង្គ្រាមឈ្លានពានដោយប្រដាប់អាវុធរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ប្រធានធិបតីអាមេរិករូបនេះ ក៏បានដើរតួនាទីយ៉ាងសកម្មជាមួយភាគីប្រធានអាស៊ានម៉ាឡេស៊ី ក្នុងការបញ្ចប់សង្គ្រាម ដោយធ្វើឱ្យមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ប៉ុន្តែកិច្ចខិតខំប្រែងប្រែងប្រកបដោយអំនួត និងមោទនភាពរបស់លោកដូណាល់ត្រូវ ត្រូវបានសម្ព័ន្ធមិត្តរបស់ខ្លួនថៃជាន់ឈ្លី មើលស្រាល មើលថោក និងបង្ករសង្គ្រាមឈ្លានពានជាថ្មីមកលើទឹកដីកម្ពុជា (ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥)។

បញ្ហានេះលោកប្រធានាធិបតីអាមេរិក ក៏មិនបានព្រងើយកន្ដើយនោះទេ លោកបានព្យាយាមអន្តរាគមន៍ និងឱ្យភាគីថៃ និងកម្ពុជាវិលទៅគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ តែផ្ទុយទៅវិញ សម្ដីអាមេរិកលែងមានតម្លៃសម្រាប់ប្រទេសថៃ ហើយបង្ករសង្គ្រាមឈ្លានពានកាន់តែខ្លាំងក្លាបន្ថែមទៀត។ ជារួមថៃមិនស្តាប់នរណាទាំងអស់ សូម្បីអាមេរិកក៏ដោយ ខណៈដែលកម្ពុជា គោរពយ៉ាងខ្ជាប់ខ្ជួន។ ជាក់ស្ដែងនាយករដ្ឋមន្ត្រីចាំផ្ទះថៃ អានុទីន បញ្ជាក់ប្រាប់សារព័ត៌មានថា អាមេរិក មិនមានឥទ្ធិពលលើថៃនោះទេ។

*តើអាមេរិក (ដូណាល់ត្រាំ)​ពិតជាបណ្ដោយឱ្យថៃធ្វើតាមទំនើងចិត្តយ៉ាងនេះរឺ?

ដើម្បីបង្ហាញថាខ្លួនជាប្រទេសមហាអំណាច និងបងធំពិភពលោក ហើយដោះស្រាយជម្លោះ និងបញ្ចប់ដោយជោគជ័យនៅដែនដីផ្សេងៗ ជឿជាក់ថាលោកត្រំា និងចាត់វិធានការបន្ទាន់ណាមួយដើម្បីបញ្ចប់សង្គ្រាមឈ្លានពានថៃមកលើកម្ពុជា ឱ្យសមនឹងអ្វីដែលលោកលើកឡើងចំពោះមុខប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ក៏ដូចជាមេដឹកនាំប្រទេសនានាថាលោកជួយសង្គ្រោះជិវិតមនុស្សរាប់សិបលាននាក់ តាមរយៈអន្តរាគមន៍ការទូត និងបឈ្ឈប់សង្គ្រាមដែលកើតឡើង និងមុនកើតឡើង (Trump stated he had saved “tens of millions of lives” through diplomatic interventions and had “stopped wars happening just before they started”)។

សង្គ្រាម បង្កើតឡើងដោយមនុស្ស និងប្រទេសឈ្លានពាន ហើយក៏នឹងត្រូវបញ្ចប់ដោយមនុស្ស តែអ្វីដែលសោកស្តាយពន់ពេក គឺប្រជាជនស្លូតត្រូវ កុមារ យោធា ត្រូវបាត់បង់ជីវិតដោយសារជនស្មោភសង្គ្រាម អំណាច និងនយោបាយក្នុងសង្គមថៃ យកបញ្ហាក្នុងប្រទេសរបស់ខ្លួនជាលេសដើម្បីឈ្លានពានប្រទេសកម្ពុជា។

យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋកម្ពុជា (ទាំងក្នុង និងក្រៅប្រទេស) ត្រូវសាមគ្គីគ្នាជាឆ្លុងមួយជឿជាក់ ទុកចិត្តលើរាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើង ហើយឆ្លងកាត់ការលំបាកទាំងអស់គ្នា កុំជឿលើកព័ត៌មានមិនពិត និងការលើកឡើងរបស់អ្នកនយោបាយ និងជនមួយក្ដាប់តូចគ្មានមនសិកាជាតិដែលកំពុងរស់នៅក្រៅប្រទេស។

ខ្មែររួមខ្មែរខ្លាំង!!!!!!

ដោយ៖ គង់ ហួន

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia