ព័ត៌មាន
ក្រសួងអប់រំ ជួយដល់កុមារមានពិការភាព ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាថ្នាក់ជាតិលើកទី១៣ ស្តីពី ការអប់រំបរិយាបន្ន ក្រោមប្រធានបទ« ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន»។ វេទិកានេះ ឆ្លុះបញ្ចាំងពីការលើកកម្ពស់វិស័យអប់រំ ជាពិសេសការអប់រំបរិយាបន្ន ដើម្បីធានាថា “គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ”
ក្នុងឱកាសនេះ ឯកឧត្តមណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់អង្គវេទិកា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ៖
ទី១. ពង្រឹងយន្តការបណ្តុះបណ្តាលគ្រូគរុកោសល្យ៖ ត្រូវបង្កើត និងពង្រឹងកម្មវិធីបណ្តុះបណ្តាលបន្ត និងការបណ្តុះបណ្តាលមុនចូលបម្រើការងារដល់គ្រូទាំងអស់ ទាំងគ្រូអប់រំទូទៅ និងគ្រូអប់រំពិសេស ឱ្យមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណ និងការបង្រៀនកុមារមានពិការភាពគ្រប់ប្រភេទ។
ទី២. បង្កើនកិច្ចសហការពហុភាគី៖ ជំរុញការចូលរួមពីមាតាបិតា អាជ្ញាធរដែនដី ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការដៃគូ ដើម្បីបង្កើតប្រព័ន្ធគាំទ្ររួមគ្នានៅថ្នាក់មូលដ្ឋាន និងសាលារៀន។
ទី៣. ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍៖ ស្រាវជ្រាវ និងអនុវត្តឧបករណ៍ បច្ចេកវិទ្យាជំនួយ និងវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឱ្យការសិក្សាកាន់តែមានលក្ខណៈបរិយាបន្ន និងសមស្របតាមតម្រូវការរបស់កុមារម្នាក់ៗ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តយកចិត្តទុក ដាក់ពង្រឹងសមត្ថភាពជាប្រចាំ ចេះចែករំលែក ផ្តល់ឱកាសរៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធល្អៗពីគ្នាទៅវិញទៅមកពីវេទិកាថ្នាក់ជាតិលើកទី១៣នេះ ដើម្បីយកទៅអនុវត្តជាក់ស្ដែងក្នុងការបង្រៀនសិស្សមានពិការភាព និងដើម្បីសម្រេចនូវចក្ខុវិស័យរួមរបស់យើង គឺទាំងអស់គ្នាទទួលបានការអប់រំ និងការសិក្សាពេញមួយជីវិត។
គួរបញ្ជាក់ថា វេទិកានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា នាយកដ្ឋានពាក់ព័ន្ធ វិទ្យាស្ថានជាតិអប់រំពិសេស ប្រតិភូមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត វិទ្យាល័យអប់រំពិសេស តំណាងអង្គការយូនីសេហ្វ អង្គការដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ សរុបចំនួន ២៤០នាក់ ស្រី ៩៧នាក់៕





-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន