ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ការដោះលែងយោធិនកម្ពុជាទាំង១៨រូបជាតម្លៃនៃបទឈប់បាញ់ និងជាជំហានឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា-ថៃ
ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មានរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ការដោះលែងយោធិនកម្ពុជាទាំង១៨រូប គឺជាតម្លៃនៃបទឈប់បាញ់ និងជាជំហានឆ្ពោះទៅរកសន្តិភាពនិងការពង្រឹងសន្តិភាពនោះឱ្យស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាសម្រាប់សន្តិសុខក្នុងតំបន់ទាំងមូលដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់កម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការដោះលែងយោធិនកម្ពុជាទាំង១៨រូប ឱ្យបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលនេះ គឺជាលទ្ធផលមួយទៀតដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីទទួលបានបទឈប់បាញ់ និងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅពេលនេះ។ បទឈប់បាញ់ គឺជាការផ្តល់តម្លៃដល់ជីវិតមនុស្ស ពោលគឺការបញ្ឈប់មិនឱ្យមានអ្នកស្លាប់ អ្នករងរបួស និងវិនាសកម្មផ្សេងៗដែលកើតមានមកលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត។
ចំណែកការដោះលែងយោធិន១៨នាក់ គឺជាការអនុញ្ញាតឱ្យមានការជួបជុំក្រុមគ្រួសារដែលបានទន្ទឹងរង់ចាំអស់រយៈពេល ១៥៥ ថ្ងៃ។ នេះហើយជាតម្លៃនៃបទឈប់បាញ់ និងជាជំហានឆ្ពោះទៅរកសន្តិភាពនិងការពង្រឹងសន្តិភាពនោះឱ្យស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាសម្រាប់សន្តិសុខក្នុងតំបន់ទាំងមូលដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំយើង ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានខិតខំខ្លាំងណាស់ទម្រាំសម្រេចបានលទ្ធផលបែបនេះដែលប្រជាពលរដ្ឋយើងចង់បាននិងអបអរសាទរយ៉ាងខ្លាំង។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ជំហានបន្ទាប់ទៀត គឺការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិនិងសហគមន៍អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ឯកឧត្តម ប៉ែន បូណា លើកឡើងថា កម្លាំងចលករដ៏សំខាន់ក្នុងការឈានទៅសម្រេចការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខគឺ ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងដែលឈរលើកិច្ចសន្ទានាដោយផ្អែកលើច្បាប់។ ទី២៖ យើងមានឯកសារផ្លូវច្បាប់រឹងមាំដែលទទួលស្គាល់ជាអន្តរជាតិ។ ទី៣៖ គឺជំហររបស់សហគមន៍អន្តរជាតិដែលគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ និងទី៤៖ កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើង។ ទាំងអស់នេះ គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី។ ដូច្នេះ សូមជនរួមជាតិយើងថែរក្សាកម្លាំងសាមគ្គីនេះឱ្យស្ថិតស្ថេរជារៀងរហូត និងផ្តល់ទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ដើម្បីរក្សាសុខសន្តិភាពផង និងការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីផង។
ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនជនរួមជាតិសូមកុំចាញ់សង្គ្រាមចិត្តសាស្ត្រពីមជ្ឈដ្ឋានខាងក្រៅមួយចំនួនដែលមានចេតនាបំបាក់ទឹកចិត្ត និងបំបែកកម្លាំងសាមគ្គីដែលជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ។ ភាពនឹងនរ ឈររឹងមាំ និងទំនុកចិត្តលើរាជរដ្ឋាភិបាល គឺជាចំណុចខ្លាំងរបស់កម្ពុជាក្នុងជំហានឈ្ពោះទៅដោះស្រាយរាល់បញ្ហាដែលយើងកំពុងប្រឈមឱ្យមានប្រសិទ្ធភាព៕

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ