ព័ត៌មាន
វិស័យសំខាន់ៗចំនួនបួននៅកម្ពុជា កំពុងមានតម្រូវការការងារខ្ពស់ប្រមាណជាង ៨ម៉ឺនកន្លែង
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននេះ ឱកាសការងារនៅកម្ពុជាមានចំនួនប្រមាណជាង ៨ម៉ឺនកន្លែង។ ក្នុងនោះ តម្រូវការកម្លាំងពលកម្មដែលមានច្រើនជាងគេមកពីវិស័យធំៗចំនួន៤ រួមមាន៖ ឧស្សាហកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, សេវាកម្ម និងទេសចរណ៍។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សព្វថ្ងៃនេះ ក្រសួងនៅតែធ្វើការយ៉ាងល្អជាមួយភាគីពាក់ព័ន្ធមកពីនិយោជក និងអ្នកដែលស្វែងរកការងារធ្វើ ដោយសារទំនុកចិត្តមកលើទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏ដូចជាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង។ លោកបានបន្តថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋជាអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃមកស្រុកកំណើតដើមវិញ ទទួលបានឱកាសការងារជាង ៥០ម៉ឺនកន្លែង តាមរយៈយន្តការរបស់ក្រសួងការងារ រួមជាមួយដៃគូពាក់ព័ន្ធផ្សេងៗទៀត។
លោកអ្នកនាំពាក្យ បានឱ្យដឹងទៀតថា សម្រាប់កម្ពុជា មានឱកាសការងារច្រើនដែលមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀត ដោយសារការវិនិយោគនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២៥កន្លងទៅ មានប្រមាណជាង ៦០០គម្រោង និងផ្តល់ឱកាសការងារចំនួនប្រមាណ ៤០ម៉ឺនកន្លែងបន្ថែមទៀតទៅលើការងារដែលកំពុងមានប្រមាណជាង ៨ម៉ឺនកន្លែង។
ទាក់ទិនទៅនឹងតម្រូវការកម្លាំងពលកម្មនៅកម្ពុជានេះ លោក ឌី ចាន់ធី រដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តាមរយៈកិច្ចសហការជាមួយក្រសួងការងារ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញដេរ ធ្វើឱ្យរោងចក្រដំណើរការបានកាន់ល្អជាងមុន ដោយសារទទួលបានកម្លាំងពលកម្មបន្ថែមដែលឆ្លើយតបតាមតម្រូវការខ្វះខាត។
លោកបានបញ្ជាក់ថា នៅពេលនេះ ខាងរោងចក្រក៏នៅតែត្រូវការកម្លាំងពលកម្មជាច្រើននាក់បន្ថែមទៀតដោយសារោងចក្រមានការបញ្ជាទិញច្រើន ក៏ដូចជាការពង្រីកអគារបន្ថែមជាដើម ក្នុងនោះត្រូវការជំនាញផ្នែកដេរ តុកាត់ និងវេចខ្ចប់ជាដើម។ លោកបានបន្ថែមថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នឹងទទួលបានការបូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយ និងប្រាក់ស្នាក់នៅ និងធ្វើដំណើរជាដើម។
សូមបញ្ជាក់ថា ដើម្បីជួយសម្របសម្រួល និងផ្គូរផ្គងការងារភ្លាមៗជូនដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសសម្រាប់អតីតពលករត្រឡប់មកពីថៃ បច្ចុប្បន្ននេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធ និងរោងចក្រកាត់ដេរនៅខេត្តកំពង់ស្ពឺ និងកណ្តាល បានបើកផ្តល់វគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃ ទៅដល់ប្រជាពលរដ្ឋដែលមិនទាន់មានជំនាញ ជាពិសេសអតីតពលករត្រឡប់មកពីថៃ ដែលមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ តែគ្មានបទពិសោធន៍ការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា