ព័ត៌មាន
TOP STORY | សម្ដេចធិបតីជំរុញដល់គ្រប់តួអង្គពាក់ព័ន្ធ និងពលរដ្ឋខ្មែរទាំងអស់ចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ និងអំពាវនាវឱ្យមានការចូលរួមគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ពិសេសពលរដ្ឋខ្មែរទាំងអស់ចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្ដេចធិបតី មានប្រសានស៍ថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរ និងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។
សម្ដេចបានថ្លែងថា ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និងចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។
សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។
សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។
សម្ដេចបានថ្លែងថា៖«ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»៕

-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា