ព័ត៌មាន
រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា បន្តខិតខំរក្សាការពារអធិបតេយ្យតាមផ្លូវការទូត និងច្បាប់អន្តរជាតិ
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីថា មកទល់ពេលនេះ រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជាតាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់។ ឯកឧត្តម ចាន់ រតនា ថ្លែងថា ក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៅតែបន្តកិច្ចប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដោយសង្កត់ធ្ងន់លើសិទ្ធរស់នៅរបស់ប្រជាជនស៊ីវិល។
ឯកឧត្តម គូសបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោក បន្តខិតខំជំរុញសហគមន៍អន្តរជាតិឲ្យផ្តល់ការគាំទ្រ និងជួយអន្តរាគមន៍ ដើម្បីឲ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅដ្ឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។
អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្រសួងការបរទេស បាននិងកំពុងបន្តធ្វើការងារតាមច្រកផ្លូវការជាទ្វេភាគីជាមួយប្រទេសថៃ និងប្រាស្រ័យទាក់ទងគ្រប់កម្រិតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលយកចិត្តទុកដាក់ដល់ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជាពិភពលោកទាំងមូល។ នៅកម្រិតតំបន់ កម្ពុជានឹងបន្តធ្វើការជាមួយហ្វីលីពីន ដែលជាប្រធាន អាស៊ានថ្មីហើយនិងបន្តប្រើប្រាស់យន្តការអាស៊ានដើម្បីជំរុញដំណើរការទៅសន្តិភាព និងភាពសុខដុមចីរកាលក្នុងគ្រួសារអាស៊ាន ដើម្បីរក្សា និងលើកស្ទួយកិត្តិនាមអាស៊ាន។ នៅលើវេទិកា អន្តរជាតិ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្រុងញូយ៉ក និងក្រុងហ្សឺណែវ និងប្រចាំអង្គការពាក់ព័ន្ធ បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ និងបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃអង្គការ សំខាន់ៗដូចជា ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធាន និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការយូណេស្តូ ប្រធានកាកបាទក្រហមអន្តរជាតិ តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធមនុស្ស និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធលំនៅដ្ឋានរបស់អង្គការសិទ្ធមនុស្ស ជាដើម៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន10 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន